ថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥
ក្នុងនាមជាប្រជាពលរដ្ឋ និងជាសិល្បករមួយរូប កញ្ញា ហង្ស សុរិយាន់ សូមផ្តល់កម្លាំងចិត្តដល់វីរៈកងទ័ពពីចម្ងាយ ខណៈដែលជម្លោះតាមបន្ទាត់ព្រំដែនមិនទាន់ចប់សព្វគ្រប់នៅឡើយ។
បវរកញ្ញា និងជាតារាម៉ូដែល កញ្ញា ហង្ស សុរិយាន់ បានបង្ហាញអារម្មណ៍សោកសៅចំពោះបញ្ហាសង្គ្រាមតាមតំបន់ព្រំដែនកម្ពុជា-ថៃ បណ្តាឱ្យប្រជាពលរដ្ឋខ្មែរត្រូវរងទុក្ខ ការបំផ្លិចបំផ្លាញផ្ទះសម្បែង ផលប៉ះពាល់ និងការបំផ្លិចបំផ្លាញទីតាំងជុំវិញ ក៏ដូចជារចនាសម្ព័នផ្ទាល់របស់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាមរតតវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនកម្ពុជា។
ស្ថិតក្នុងដំណាក់កាលដ៏លំបាកនេះ សុរិយាន់ គ្មានអ្វីក្រៅពីការជូនពរលើកកម្លាំងចិត្តដល់វីរៈកងទ័ពជួរមុខ ដែលបានពលីសាច់ស្រស់ឈាមស្រស់ ក្នុងការការពារអធិបតេយ្យភាពរបស់កម្ពុជាយើង។ ជាមួយគ្នានោះផងដែរ កញ្ញា ហង្ស សុរិយាន់ សូមសម្តែងការអរគុណដល់ប្រមុខថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាប្រទេសជាតិយើង។
កញ្ញា ហង្ស សុរិយាន់ សង្កត់ធ្ងន់ថា កម្ពុជាយើងត្រូវការសន្តិភាព មិនមែនសង្គ្រាមនោះទេ។ ដូច្នេះ យើងត្រូវតែរួបរួមគ្នាជាធ្លុងមួយ ស្មារតីជាខ្មែរតែមួយ ដើម្បីការពារដែនដីសុវណ្ណភូមិ បញ្ឈប់សង្គ្រាម និងស្វែងរកសន្តិភាពប្រជាពលរដ្ឋខ្មែរយើង។
ក្រៅពីមមាញឹកការងារសិល្បៈ សុរិយាន់ ក៏សកម្មក្នុងការងារសង្គម និងឈឺឆ្អាលពីបញ្ហាសង្គ្រាមតាមតំបន់ព្រំដែនផងដែរ ដោយនាងតែងតែចែករំលែកដំណឹង និងព័ត៌មានផ្សេងៗឱ្យសាធារណជនបានដឹងឮតាមរយៈទំព័រហ្វេសប៊ុករបស់នាង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក