ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
អតីតម្ចាស់មកុដ Miss Grand Cambodia កញ្ញា ភឹម ស្រីនោ ប្រកាសថា នឹងវិលមកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀតនាពេលឆាប់ៗ ក្នុងរូបភាពថ្មីប្លែកដែលប្រិយមិត្តទស្សនិកជនមិនអាចរិះគន់លើនាងដូចពេលមុននោះឡើយ។
ក្រោយសំងំព្យាបាលផ្លូវចិត្តឱ្យល្អប្រសើរឡើងវិញអស់មួយរយៈធំ ពេលនេះបវរកញ្ញាសម្បុរស្រអែមស្រស់ កញ្ញា ភឹម ស្រីនោ ដែលជាអតីតម្ចាស់មកុដ Miss Grand Cambodia 2023 ត្រឡប់មកវិញហើយ ដោយបានផ្លាស់ប្តូរខ្លួនឯងមកជាមនុស្សថ្មីជាងមុនស្ទើរតែទាំងស្រុង។
ប្រាប់ឱ្យភីអិនអិនដឹងក្នុងថ្ងៃសម្ភោធរឿង «អ្នកបោះតង់ចំនូលថ្មី» កាលពីចុងសប្តាហ៍កន្លងទៅ ស្រីនោ ទទួលស្គាល់ថា នាងពិតជាបាក់ទឹកចិត្តមែនអំឡុងពេលប្រកួតអន្តរជាតិ ដោយសាររងការម៉ាកងាយ និងការបណ្តុះបង្អាប់លើរូបរាងកាយ ពណ៌សម្បុរ និងការរិះគន់ផ្សេងៗមកលើរូបនាង។ ប៉ុន្តែ នាងបានយកការរិះគន់ទាំងនោះមកស្ថាបនាខ្លួនឯងឱ្យ និងបានផ្លាស់ប្តូរខ្លួនឯងមកជាមនុស្សថ្មីដែលគ្រប់គ្នាមើលសឹងមិនស្គាល់តែម្តង។
ខណៈពេលដែលកំពុងមមាញឹកការងារសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួនថ្មីផងនោះ ស្រីនោ បានប្រកាសឱ្យដឹងថា នាងនឹងវិលត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត ដើម្បីសម្រេចក្តីស្រមៃខ្លួនឯង ដោយការវិលចូលកងប្រកួតលើកនេះ នាងនឹងមានអ្វីថ្មីប្លែក upgrade ខ្លួនឯងឱ្យខុសពី ស្រីនោ ពីមុនមិនឱ្យពុកម៉ែបងប្អូនរិះគន់ដូចពេលមុននោះឡើយ។
ស្រីនោ សង្ឃឹមថា ពុកម៉ែបងប្អូន និងបណ្តាអ្នកគាំទ្រនឹងបន្តគាំទ្ររូបនាងសម្រាប់ការវិលត្រឡប់មកវិញ ហើយពេលនេះនាងក៏មានកម្មវិធីក្នុងចិត្តរួចរាល់ហើយ គ្រាន់តែមិនទាន់ដល់ពេលត្រូវទម្លាយប៉ុណ្ណោះ។ ទន្ទឹមជាមួយការផ្លាស់ប្តូររូបរាងកាយ ស្រីនោះ ក៏ពង្រឹងលើការប្រើប្រាស់ភាសា ការដើរ Catwalk និងចំណេះដឹងផ្នែកផ្សេងៗផងដែរ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច