ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រ៉ូប៊ីយ៉ូ បាននិយាយថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកគឺជាចំណុចផ្ដោតនៃគោលនយោបាយការបរទេសរបស់អាម៉េរិក បើទោះជាប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើការនាំចេញរបស់ពួកគេក៏ដោយ។ លោកបាននិយាយថា សហរដ្ឋអាម៉េរិកមានភាពជាដៃគូរឹងមាំជាមួយនឹងអាស៊ានដូច្នេះហើយគ្មានបំណងបោះបង់ចោលទេ គឺមានតែពង្រឹង និងកសាងឱ្យរឹងមាំថែមទៀត ហើយអាម៉េរិកគឺជាដៃគូចំពោះអាស៊ានយ៉ាងប្ដូរផ្ដាច់។
ក្នុងការចូលរួមក្នុងកិច្ចប្រជុំអាស៊ាននេះ លោក រ៉ូប៊ីយ៉ូ ក៏បានឆ្លៀតជួបជាមួយនឹងសមភាគីរុស្ស៊ីលោក សឺហ្កេ ឡាវរ៉ូ នៅក្រៅកិច្ចប្រជុំនេះអស់រយៈពេល៥០នាទីដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនតាមការចង់បានរបស់លោក ត្រាំ ផងដែរ ប៉ុន្តែជំនួបនេះមិនទទួលបានផ្លែផ្កាជាដុំកំភួនអ្វីឡើយ។ ជំនួបទ្វេភាគីនេះបានធ្វើឡើងចំពេលលោក ត្រាំ បានសម្ដែងការខឹងសម្បារ និងខកចិត្តជាសាធារណៈកាន់តែខ្លាំងឡើងចំពោះលោក ពូទីន ដែលនៅតែបន្តសង្គ្រាមនៅអ៊ុយក្រែន។ លោក ត្រាំ ក៏បាននិយាយដែរថា លោកកំពុងពិចារណាលើការគាំទ្រសេចក្ដីព្រាងច្បាប់មួយដែលនឹងដាក់ទណ្ឌកម្មថែមទៀតលើរុស្ស៊ីរួមទាំងការយកពន្ធ៥០០%លើប្រទេសណាដែលទិញផលិតផលរបស់រុស្ស៊ីដូចជាប្រេង ឧស្ម័ន អ៊ុយរ៉ាញ៉ូម ឬការនាំចេញផ្សេងៗទៀតជាដើម៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន