ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥

អាស៊ាន និងចិនបានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរីចំពេលមានបញ្ហាប្រឈម

១០ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអះអាងអំពីការពង្រឹងកិច្ចសហការសេដ្ឋកិច្ចទ្វេភាគីនៅថ្ងៃព្រហស្បតិ៍នេះនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងកូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី។ ភាគីទាំងពីរបានបញ្ចប់ការចរចាលើអ្វីដែលគេហៅថាកំណែ៣.០នៃតំបន់ពាណិជ្ជកម្មសេរីដែលគ្រោងនឹងចុះហត្ថលេខាជាផ្លូវការនៅចុងឆ្នាំនេះ។

 

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាត់ ហាស្សាន

 

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាត់ ហាស្សាន បាននិយាយនៅក្នុងកិច្ចប្រជុំនេះថា អាស៊ានត្រូវតែប្រុងប្រយ័ត្នចំពោះការគំរាមកំហែងដល់ប្រព័ន្ធពាណិជ្ជកម្មបើកចំហ យុត្តិធម៌ និងផ្អែកលើច្បាប់។ ក្នុងបរិបទនេះ ការចុះហត្ថលេខាលើកំណែ៣.០នៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិននៅចុងឆ្នាំនេះគឺជាឱកាសដ៏ល្អមួយព្រោះតាមរយៈកិច្ចព្រមព្រៀងនេះ អាស៊ាន-ចិននឹងអាចពង្រឹងកិច្ចសហការសេដ្ឋកិច្ច និងភាពធន់របស់ពួកគេក្នុងពេលដ៏លំបាកទាំងនេះ និងលើសពីនេះទៀត។

 

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន

 

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបាននិយាយថា ដោយធ្វើការរួមគ្នា ចិន-អាស៊ាននឹងលើកកម្ពស់តម្លៃសន្តិភាព កិច្ចសហការ ការបើកចំហ និងបរិយាប័ន្ននៅអាស៊ី កសាងមាតុភូមិមួយប្រកបដោយសន្តិភាព សុវត្ថិភាព វិបុលភាព ស្រស់ស្អាត និងមិត្តភាព និងខិតខំជំរុញសហគមន៍ចិន-អាស៊ានឱ្យកាន់តែជិតស្និទ្ធក្នុងជោគវាសនាអនាគតតែមួយ។

 

 

កិច្ចប្រជុំនេះកំពុងប្រព្រឹត្តទៅចំពេលមានភាពតានតឹងជាថ្មីជុំវិញពន្ធពាណិជ្ជកម្មរបស់អាម៉េរិកក្រោយពីលោក ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទអំពីការយកពន្ធជាថ្មីយ៉ាងច្រើនចន្លោះពី២៥% ទៅ៤០%លើប្រទេសអាស៊ានចំនួន៦ទោះជាពួកគេបានខំប្រឹងផ្តល់សម្បទានទូលំទូលាយ និងចរចាអត្រាទាបក៏ដោយ។ អាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនជាមួយនឹងតម្លៃពាណិជ្ជកម្មសរុបឈានដល់ទឹកប្រាក់ ២៣៤ ពាន់លានដុល្លារក្នុងត្រីមាសទីមួយ ឆ្នាំ២០២៥។ នេះបើយោងតាមទិន្នន័យគយរបស់ប្រទេសចិន៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025