ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥
ស្ងប់ស្ងាត់ពីការសម្តែងភាពយន្តមួយរយៈកញ្ញា យ៉ែម ស្រីពេជ្រ ថាដោយសារនាងមមាញឹកការងារពិធីការនី និងបានពោរពាក្យអរគុណកម្មវិធី «អ្នកជិតខាង» របស់ PNN ដែលត្រួសត្រាយឱ្យនាងក្លាយជាពិធីការនីអាជីពដូចសព្វថ្ងៃ។
កញ្ញា យ៉ែម ស្រីពេជ្រ ជាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពម្នាក់ក្នុងរង្វង់សិល្បៈខ្មែរ ដោយកន្លងមកនាងក្តោបតំណែងតួឯកស្រីរឿងភាគជាច្រើន និងធ្លាប់លេចមុខក្នុងខ្សែភាពយន្តខ្នាតធំទៀតផង។
យ៉ាងណាមិញ រយៈពេលចុងក្រោយនេះនាងពុំសូវបានលេចមុខតាមភាពយន្តដូចពីមុនឡើយ តែបែរជាកាក់កបជាមួយពិធីការនីទៅវិញ។ ពិសេសការប្រគំតន្ត្រីតែម្តង ដោយ ស្រីពេជ្រ តែងបញ្ចេញថ្វីមាត់ដ៏ប៉ិនប្រសព្វមកញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយរីករាយ។ ទោះបីជាតារាស្រីរូបនេះមមាញឹកការងារពិធីការនីតាមកម្មវិធីផ្សេងៗ ក៏នាងមិនបោះបង់កម្មវិធី «អ្នកជិតខាង» នោះឡើយ ព្រោះទីនេះហើយជាកន្លែងស្នូលដែលបណ្តុះបណ្តាល និងផ្តល់ឱកាសឱ្យនាងស្វែងរកឃើញជំនាញថ្មីមួយទៀតសម្រាប់ខ្លួនឯង ក្រៅពីអាជីពជាតារាសម្តែង។
តារាស្រីរូបស្រស់ យ៉ែម ស្រីពេជ្រ ហ៊ាននិយាយថា បច្ចុប្បន្នអាជីពពិធីការនីរបស់នាងដំណើរការទៅយ៉ាងរលូន តែទន្ទឹមគ្នានោះ នាងក៏នឹករឮកការថតភាពយន្តជាខ្លាំង ព្រោះខកខានបញ្ចេញស្នាដៃរឿងដុំ និងភាគថ្មីៗជាយូរឆ្នាំមកហើយ។ បន្ថែមពីលើការងារប្រចាំ ជាពិធីការនីប្រចាំកម្មវិធី «អ្នកជិតខាង» ជាមួយ នាយព្រែក ស្រីពេជ្រ ក៏ទទួលធ្វើពិធីការនីតាមកម្មវិធីផ្សេងៗតាមដែលអាចធ្វើទៅបានផងដែរ។
សូមជម្រាបផងដែរថា កម្មវិធី «អ្នកជិតខាង» គឺកម្មវិធីមួយបង្ហាញជូនជាមួយទស្សនីយភាពដែលមិនធ្លាប់ជួប មិនធ្លាប់បានទស្សនា និងចែករំលែកចំណីអារម្មណ៍គ្រប់រសជាតិ ការជជែកគ្នាដោយផ្តល់នូវភាពសប្បាយរីករាយ និងការជីកឬសជីកគល់ពីប្រវត្តិរបស់តារាកិត្តិយសដែលធ្លាប់លំបាកខ្លាំងនិងចាក់ដោតអារម្មណ៍ រហូតទប់ទឹកភ្នែកលែងជាប់។ តារាកិត្តិយសដែលចូលរួមក្នុងកម្មវិធីនេះមានទាំងតារាចម្រៀង តារាសម្តែង អ្នករាំ និងអ្នកដែលកំពុងតែជោគជ័យខ្លាំងលើវិថីមុខជំនួញជាដើម។
កម្មវិធី «អ្នកជិតខាង» នៅរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១០:០០ យប់ លើកញ្ចក់ទូរទស្សន៍ភីអិនអិន។ កម្មវិធីនេះតែងតែពាំនាំនូវផ្ទាំងទស្សនីយភាពប្លែកៗ និងទាក់ទាញពីរឿងរ៉ាវចម្រុះនានាកើតមានឡើងក្នុងចំណោមអ្នកសិល្បៈ និងជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ទូរទស្សន៍ PNN នាពេលបច្ចុប្បន្ន ក្នុងចំណោមក្នុងវិធីល្បីៗកំពុងចាក់ផ្សាយ ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច