ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
មង្គលការរបស់តារាចម្រៀង ទេព បូព្រឹក្ស និងតារារ៉េបលោក ជី ដេវីត បានធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ ជាមួយនិងការរៀបចំនិងការអញ្ជើញភ្លៀវចូលរួមយ៉ាងច្រើនកុះករ មិនចាញ់មង្គលការកូនអភិជនមួយចំនួនទេ។
ទំរាំដឹកដៃគ្នាចូលរោងការគូស្នេហ៍គូចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ជួបនូវព្យុះភ្លៀងរាប់មិនអស់ ជាពិសេសរយៈពេល៨ឆ្នាំមកនេះលោក ជី ដេវីត បានសន្យាជាមួយនិងការដាក់ទុនជីវិតទៅលើក្តីស្រឡាញ់របស់ខ្លួនផងដែរ ជាក់ស្តែងក្នុងថ្ងៃក្នុងថ្ងៃអាពាហ៍ពិពាហ៍ លោកថែមទាំងបានបង្ហាញនូវទំហំចិត្តព្រមទាំងការសន្យាចំពោះ ទេព បូព្រឹក្ស ដែលជាភរិយា ។
ទីបំផុតលោក ងួន ចាន់ដេវីត ឬលោក ជី ដេវីត បានធ្វើតាមសន្យារបស់ខ្លួនហើយ ដែលអាចដឹកដៃ ទេព បូព្រឹក្ស ចូលរោងជ័យទៅតាមប្រពៃណីខ្មែរ និងកក្រើកអស់ពិភពសិល្បៈកាលពីថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០២៥ចុងសប្ដាហ៍មុននេះ ដោយបានរៀបចំពិធីយ៉ាងធំដុំនិងចំណាយអស់ប្រាក់យ៉ាងច្រើនសែនដុល្លារ បំពេញមុខមាត់គ្រួសារយ៉ាងត្រឹមត្រូវ និងបានអញ្ជើញមិត្តសិល្បករ និងអ្នកមានមុខមាត់ធំៗជាច្រើននៅក្នុងសង្គមចូលរួមដើម្បីធ្វើជាសាក្សីនៃជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន បើទោះបីជាកន្លងមកជីវិតអ្នកទាំងពីរជួបនូវព្យុះភ្លៀងរាប់មិនអស់ក្តី ។
នៅក្នុងថ្ងៃពិសេសរបស់គូស្នេហ៍គូចម្រៀងមួយគូនេះទាំង លោក ជី ដេវីត និង ទេព បូព្រឹក្ស សុទ្ធតែស្រក់ទឹកភ្នែកដូចគ្នា ទាំងក្នុងកម្មវិធីក្រាបផ្ទឹម និង ជួបជុំអាហារពេលល្ងាច ។ ជាមួយគ្នានោះលោក ជីដេវីត បានរៀបរាប់ពីទំហំចិត្តរបស់ខ្លួនថា ខ្លួនធ្លាប់ឆ្លងកាត់ពិធីក្រុងពាលីច្រើនលើសពីរយដង ប៉ុន្តែពិធីក្រុងពាលីថ្ងៃនេះគឺជាបំណងប្រាថ្នាក៏ដូចជាការសន្យាកាលពី៨ឆ្នាំមុនពីបុរសម្នាក់ទៅកាន់នារីជាគូស្នេហ៍ ។ ឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិតជាគូ ព្យុះភ្លៀង ទឹកភ្នែក ភាពសប្បាយរីករាយ និងភាពជោគជ័យ ប្រៀបដូចជាខ្សែភាយន្តជីវិត ។
នារីម្នាក់ដែលផ្តល់ភាពជឿជាក់លើដៃគូ ដោយហ៊ានដាក់ជីវិតជាដើមទុនរវាងគ្នានិងគ្នា ស្ម័គ្រចិត្តតស៊ូរងទុក្ខឆ្លងកាត់ពាក្យសម្តីស្តីថា ។ តែទោះជាក្នុងកាលៈទេសៈណាក៏សច្ចាថា នឹងដើររូមគ្នារហូត ទោះជាឆ្លងមហាសមុទ្រភ្លើង សមុទ្រផ្សែងឆ្លងដែនភ្នំមាសក្តី ក៏មិនរាថយ ។
ពួកយើងពុះពារថែរក្សានូវចំណងដៃនៃដំណក់ឈាមដែលប្រទានដោយទេវតា ។ ថ្ងៃនេះបងសូមគោរពនូវពាក្យសន្យា ជូននូវផ្កាស្លាបំពេញមុខលោកមេបា គ្រូបាអាចារ្យ ញាតិមិត្ត សង្គម និងអ្នកគាំទ្រទាំងអស់ដែលជាសក្ខី ដោយថ្ងៃនេះជាថ្ងៃជ័យក្នុងនាមជាប្រពន្ធប្តី ស្របច្បាប់ ស្របប្រពៃណី សច្ចាភក្តីជានិរន្តរ៍ ។
មង្គលការលោក ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវបានគេចាត់ទុកថា ជាពិធីមង្គលការដ៏ធំប្រចាំឆ្នាំនិងកក្រើកជាងគេសម្រាប់អ្នកសិល្បៈនៅក្នុងឆ្នាំនេះ ។ ទៅថ្ងៃអនាគតអ្នកទាំងពីរមានបំណងនិងយកកូនប្រមាណ៥ទៅ៧នាក់ ដើម្បីបង្កើតក្រុមគ្រួសារធំដ៏កក់ក្តៅ ។ចំណែកតារាចម្រៀង ទេព បូព្រឹក្ស វិញនៅតែអះអាងថា បន្ទាប់ពីរៀបការរួច នាងនៅតែទទួលការងារសិល្បៈដូចដើម នាងថែមទាំងមានបំណងនឹងចេញទៅសម្តែងនៅក្រៅប្រទេសបទេសនៅបំណាច់ខែ មិថុនា នេះផងដែរ ដែលការសម្តែងនេះគឺជាក្តីស្រមៃធំជាយូរមកហើយ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច