ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

ជោគជ័យលើវិស័យបវរកញ្ញា នៀន នៀន ជាតារាភេទទី៣ ងាកមកចាប់អាជីពពិធីការិនីបន្ថែមដើម្បីបំពេញក្ដីបំណង

២០ មិថុនា ២០២៥ | កម្សាន្ដ

 

នៀន នៀន ជាបវរកញ្ញាភេទទី៣កម្ពុជាដ៏មានសក្កានុពល និងជាបវរកញ្ញាភេទទី៣តែម្នាក់គត់ដែលអាចគ្រងតំណែង Grand Winner Miss Queen Cambodia រយៈពេល ២ឆ្នាំជាប់គ្នា។ ក្នុងការប្រកួតអន្តរជាតិនៅប្រទេសប្រេស៊ីល នៀន នៀន បានបង្កើតប្រវត្តិសាស្រ្តឈ្នះតំណែង Top 16 សម្រាប់កម្ពុជាថែមទៀតផង។

 

 

ក្រោយត្រឡប់ការប្រកួតអន្តរជាតិបវរកញ្ញារូបនេះ បានព្យាយាមដុះខាតសមត្ថភាពខ្លួនឯងក្នុងវិស័យសិល្បៈ ដោយមួយរយៈនេះគេតែងតែឃើញបវរកញ្ញាភេទទី៣រាងតូចច្រឡឹងនេះ ចេញធ្វើពិធីការនីតាមកម្មវិធីសិល្បៈផ្សេងៗយ៉ាងភ្ញាក់ផ្អើល។ 

 

 

ដ្បិតមិនមែនជាពិធីការនីអាជីពដូចរៀមច្បង តែ នៀន នៀន ពិតជាមានដុងទេពកោសល្យលើការនិយាយយ៉ាងល្អ ដោយវោហាសព្ទ និងការប្រើប្រាស់ពាក្យពេចន៍ខ្លាបខ្លោងពីរោះមានទឹកដមមិនចាញ់រៀមច្បងប៉ុន្មានឡើយ។

 

 

ប្រាប់ឱ្យភីអិនអិនកាលពីពេលថ្មីៗ ម្ចាស់មកុដ Grand Winner Miss Queen Cambodia 2024/2025 ថា នាងស្រលាញ់សិល្បៈគ្រប់ទម្រង់ មិនថា ការរាំ ច្រៀង សម្តែង ដើរម៉ូដ និងការធ្វើពិធីការនីជាដើម។ វាជាការចាប់ផ្តើមថ្មីមួយទៀតសម្រាប់នាងក្នុងការចាប់យកអាជីពពិធីការនី តែនាងពុំជួបផលលំបាកច្រើនប៉ុន្មានឡើយ ដោយសារធម្មជាតិជាមនុស្សចូលចិត្តនិយាយលេងសើចច្រើនស្រាប់ ដូច្នេះការធ្វើពិធីការនីត្រូវនឹងចំណូលចិត្តរបស់នាងតែម្តង។

 

 

 

នៀន នៀន សប្បាយចិត្តដែលខ្លួនឯងអាចសម្រួចខ្លួនចូលការងារពិធីការនីបានបន្តិចម្តងៗ ហើយក៏សង្ឃឹមថា នឹងអាចទទួលបានឱកាសបញ្ចេញថ្វីមាត់តាមកម្មវិធីផ្សេងៗបន្តបន្ទាប់ទៀតផងដែរ។

 

 

ទោះជាយ៉ាងនេះក្តី ក៏ នៀន នៀន មិនបោះបង់វិស័យបវរកញ្ញាដែលស្រលាញ់ចូលចិត្តនោះឡើយ បើមានឱកាស នៀន នៀន នឹងចែករំលែកបទពិសោធន៍គ្រប់យ៉ាងពីការប្រកួតអន្តរជាតិ ឱ្យប្អូនៗជំនាន់ក្រោយបានដឹង និងត្រៀមខ្លួនសម្រាប់ការប្រកួតអន្តរជាតិឱ្យល្អជាងរូបនាង។

 

 

បន្ថែមពីលើអាជីពពិធីការនី នៀន នៀន ក៏ត្រៀមពញ្ញាក់អារម្មណ៍ប្រិយមិត្តអ្នកគាំទ្រជាមួយអាជីវកម្មថ្មីរបស់នាងគឺវីតាមីនបំប៉នរូបមន្តមកពីប្រទេសជប៉ុន និងអាឡឺម៉ង ឈ្មោះថា Femiina Cambodia (ហ្វ៊ែរមីណា ខេប៊ូឌា) ដែលពេលនេះកំពុងសម្រិតសម្រាំងគុណភាព ត្រៀមនាំមកវាលុកទីផ្សារនាពេលឆាប់ៗនេះផងដែរ កុំភ្លេចរង់ចាំអ៊ុតមើលទាំងអស់គ្នា!


 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025