ថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥

កំណើនឥណទានក្នុងវិស័យធនាគារនៅកម្ពុជាឆ្នាំ២០២៥ នៅមានកម្រិតទាប

០៩ សីហា ២០២៥ | សេដ្ឋកិច្ច

 

អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា និង ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា គិតត្រឹមឆមាសទី១ កំណើនឥណទាននៃប្រព័ន្ធធនាគារមានប្រមាណជាង ៤,៥% ក្នុងឆ្នាំ២០២៥ បើធៀបទៅនឹងឆ្នាំ២០២៤ មានកំណើន៣% ប៉ុណ្ណោះ រីឯមីក្រូហិរញ្ញវត្ថុកម្ពុជាមានកំណើនតិចតួចនៅឆ្នាំនេះ ខណៈកំណើនទាបបណ្តាលមកពីតម្រូវការទាបនៃឥណទាន ជាពិសេសសកម្មភាពអចលទ្រព្យ និងការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារហិរញ្ញវត្ថុមានភាពប្រុងប្រយ័ត្នជាងមុន។

 

 

ឥណទានជាប្រភពទុនដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាសក្នុងការពង្រីកអាជីវកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនផលិតភាព។លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា បានពន្យល់ថា ទំហំឥណទាន ឬកម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា មានប្រមាណជិត ៦០ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ២០២៤ កន្លងទៅនេះ។

 

 

ដោយកត់សម្គាល់ឃើញថា ឥណទានក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ កើនឡើងក្នុងល្បឿនយឺតប្រមាណ៣% ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២៣ កំណើនមានប្រមាណ ៥%។គិតត្រឹមបំណាច់ឆមាសទី១ ឆ្នាំ២០២៥នេះ វិស័យធនាគារនៅតែជាវិស័យសំខាន់ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច និងមានភាពធន់ ឆ្លុះបញ្ចាំងតាមរយះដើមទុនរឹងមាំ។ ទោះបីជាយ៉ាងណា កំណើនឥណទាននៃប្រព័ន្ធធនាគារនៅមានកម្រិតទាបប្រមាណ៤,៥ % ដែលបណ្តាលមកពីតម្រូវការទាបនៃឥណទាន ជាពិសេសសកម្មភាពអចលទ្រព្យ និងការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារហិរញ្ញវត្ថុមានភាពប្រុងប្រយ័ត្នជាងមុន។

 


អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា បានបន្តថា ការថមថយនេះ គឺដោយសារកត្តាតម្រូវការ និងការផ្គត់ផ្គង់។ ចំពោះកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួន ដូចជា វិស័យសំណង់ និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំនិងរាយ ដែលនាំឱ្យអតិថិជនកាត់បន្ថយការខ្ចី ហើយចំពោះកត្តាផ្គត់ផ្គង់ គឺដោយសារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពដែលសេដ្ឋកិច្ចតំបន់ និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។

 

 

អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា បានផ្តល់នូវសារអប់រំជុំវិញការប្រើប្រាស់កម្ចីថា មនុស្សគ្រប់គ្នាខ្ចីប្រាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់ និងបំពេញនូវគោលដៅជីវិតរៀងៗខ្លួន។ យើងត្រូវយល់ថា ឥណទាន ឬកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្សាភ្ជាប់ជាមួយនឹងការប្រាក់ ដែលត្រូវបង់សងត្រឡប់ប្រចាំខែ ទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុវិញ។ យើងអាចសម្រេចបាន នូវគោលដៅហិរញ្ញវត្ថុរបស់យើងបានល្អប្រសើរ នៅពេលយើងប្រើប្រាស់ប្រាក់កម្ចីទាំងនោះបានត្រឹមត្រូវ។ ផ្ទុយទៅវិញ ប្រសិនបើយើងប្រើប្រាស់ប្រាក់កម្ចីនោះខុសគោលដៅ និងមិនត្រឹមត្រូវ វានឹងជាបន្ទុកដែលនាំឱ្យមានបញ្ហាហិរញ្ញវត្ថុ។ លើសពីនេះ បំណុលមាន ២ប្រភេទ៖ បំណុលល្អ និងអាក្រក់។ បំណុលល្អ រួមមាន៖ ទិញផ្ទះ ឥណទានអប់រំ ឥណទានអាជីវកម្ម។ បំណុលអាក្រក់៖ របស់របរដែលធ្លាក់តម្លៃ ដូចជា រថយន្ត គ្រឿងអេឡិចត្រូនិកដូចជា ម៉ាស៊ីនត្រជាក់ និងទូរសព្ទទំនើបៗជាដើម។ 

 

 

ចំណែក លោក តាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ វិស័យមីក្រូហិរញ្ញុវត្ថុកម្ពុជា បានផ្តល់ឥណទាន ៥,៣៧៩ លានដុល្លារ កើនឡើង ៤% បើធៀបនឹងត្រីមាសមុន ជូនដល់អតិថិជន ១លាន៥សែននាក់ មានការកើនឡើង ១,៧% បើធៀបនឹងត្រីមាសមុន នៅទូទាំងប្រទេសកម្ពុជា។ លើសពីនេះ វិស័យមីក្រូហិរញ្ញវត្ថុ ក៏បានទទួលប្រាក់បញ្ញើចំនួន ២,៧៨៥ លានដុល្លារ កើនឡើង៩,៦% បើធៀបនឹងត្រីមាសមុន ជូនដល់អតិថិជន ១លាន៩សែននាក់ មានការថយចុះ ៨% បើធៀបនឹងត្រីមាសមុន។ ចំពោះឥណទាន ដែលអតិថិជនបង់សងយឺតលើស ៣០ថ្ងៃ បានឡើងដល់ ៩% មានការកើនឡើង១,៣% បើធៀបនឹងត្រីមាសមុន។ 

 


ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបន្តថា ជាការពិត ប្រទេសកម្ពុជាមានប្រជាជនជំពាក់បំណុលរហូតដល់ជិត ៦០ពាន់លានដុល្លារ (៦០ប៊ីលាន) គិតត្រឹមដំណាច់ឆ្នាំ២០២៤។ ផ្អែកតាមទិន្នន័យពីរបាយការណ៍ធនាគារជាតិនៃកម្ពុជាឆ្នាំ២០២៤ ប្រាក់បញ្ញើអតិថិជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ បានកើនដល់ ៥៧ពាន់លានដុល្លា (៥៧ប៊ីលាន)។ ក្នុងឆ្នាំ២០២៣ និង២០២៤ ឥណទានមានកំណើនត្រឹមតែ ៣% ប៉ុណ្ណោះ ខណៈដែលប្រាក់បញ្ញើមានកំណើនរហូតដល់ ១៦% ប៉ុន្តែ ឥណទានដែលអតិថិជនបង់សងយឺតលើស ៩០ថ្ងៃ ក៏បានកើនដល់ជាង ១០% ផងដែរ។

 


ទន្ទឹមនឹងនេះ បើតាមក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានចេញផ្សាយនៅក្នុងរបាយការណ៍នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៥នេះថា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ សន្ទស្សន៍ឥណទានលក្ខណៈបុគ្គលបានកើនឡើង ដែលមានទំហំទឹកប្រាក់ឥណទានសរុបជាង ២,១២ លានដុល្លារ ស្មើរនឹង ២,២៤%។គួរជម្រាបថា យោងតាម CBC ក្នុងចំណោមសមតុល្យឥណទានដែលមាន ៥៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ គឺមានឥណទានប្រមាណ ៦០% ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ទៅឱ្យប្រជាជននៅរាជធានីខេត្តចំនួន៣ គឺរាជធានីភ្នំពេញ មានអ្នកខ្ចីច្រើនជាងគេរហូតដល់ ១១៩លានរៀល ឬប្រមាណ ២៩ពាន់លានដុល្លារ ស្មើនឹង៥០% នៃទំហំឥណទានទូទាំងប្រទេសដោយមានអ្នកខ្ចីសរុបចំនួន ៦៩ម៉ឺនាក់៕

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025