ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥
ការនាំចូល និងការនាំចេញទំនិញ ដឹកជញ្ជូនតាមផ្លូវដែកចិន និងឡាវ បានកើនឡើង ៤១% ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ ២០២៥ ដោយតួលេខឈានដល់ ៣លាន ៤សែនតោន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន CCTV នៅថ្ងៃនេះ។អាជ្ញាធរគយនៅទីក្រុងគុនមីង បានឱ្យដឹងថា ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនទំនិញជាង ៣លាន ៤សែនតោន ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ ២០២៥ ដែលឈានដល់កម្រិតខ្ពស់ថ្មី ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
តម្លៃទំនិញ បានកើនលើសពី ២ពាន់ ១រយលានដុល្លារអាមេរិក កើនឡើង ៤១% ខណៈដែលចំនួនទំនិញកើនឡើងជាង ៦%។ក្នុងនាមជាច្រករបៀងដឹកជញ្ជូនដ៏សំខាន់ ដែលតភ្ជាប់ប្រទេសចិនជាមួយអាស៊ីអាគ្នេយ៍ ផ្លូវដែកចិន-ឡាវឥឡូវនេះជួយសម្រួលដល់ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសចំនួន ១៩ ដែលមានទំនិញដឹកជញ្ជូន ប្រហែល ៣៦០០មុខទំនិញ។
ខ្សែរថភ្លើងប្រវែង ១០៣៥គីឡូម៉ែត្រ ដែលជាគម្រោងលេចធ្លោមួយ ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលស្នើឡើងដោយប្រទេសចិន តភ្ជាប់ទីក្រុងគុនមីងជាមួយទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ។តួនាទីរបស់ផ្លូវដែក ក្នុងការសម្របសម្រួលពាណិជ្ជកម្ម បន្តកើនឡើងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយរចនាសម្ព័ន្ធនៃប្រព័ន្ធដឹកជញ្ជូន ត្រូវបានកែលម្អ ជាមួយនឹងផលិតផលបច្ចេកវិទ្យាខ្ពស់ជាច្រើនទៀតរបស់ប្រទេសចិន ត្រូវបាននាំចេញទៅក្រៅប្រទេស។
ដោយឡែក ចិន មានការកើនឡើងនៃ ការនាំចូលផលិតផលកសិកម្ម អាហារ និងសារធាតុរ៉ែ បានជំរុញឱ្យមានការកើនឡើងនៃបរិមាណដឹកជញ្ជូន។សូមជម្រាបថា អាជ្ញាធរគយក្នុងក្រុងគុនមីង បានបង្ហាញថា សេវាកម្មដឹកជញ្ជូនអន្តរជាតិ នៅលើផ្លូវដែកចិន-ឡាវ បានកើនឡើងជាមធ្យម ១២រថភ្លើងក្នុងមួយថ្ងៃ ដោយតួលេខនេះ កើនពី ២រថភ្លើង ក្នុងមួយថ្ងៃនៅពេលបើកដំណើរការដំបូង៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ