ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥

ខេត្តកំពង់ស្ពឺ ត្រូវការកម្លាំងពលកម្មជាង ៦ម៉ឺននាក់ ចូលបម្រើការងារនៅរោងចក្រ

០៧ សីហា ២០២៥ | សេដ្ឋកិច្ច

 

អភិបាលខេត្តកំពង់ស្ពឺ អះអាងថា បច្ចុប្បន្នខេត្តកំពង់ស្ពឺខ្វះខាតកម្លាំងពលម្មប្រមាណ ៦ម៉ឺននាក់ សម្រាប់បម្រើការងារនៅតាមរោងចក្រ សហគ្រាស ដើម្បីជំរុញវិស័យនេះឲ្យមានការរីកចម្រើនដោយផ្តោតការយកចិត្តទុកដាក់លើកំណើនការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។ ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់គ្រឿងឧបភោគ បរិភោគដល់ប្រជាពលរដ្ឋជាពលករចំណាកស្រុកដែលទើបវិលនិវត្តន៍មកពីប្រទេសថៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ក្នុងស្រុកបសេដ្ឋ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើឱ្យខេត្តកំពង់ស្ពឺ មានការរីកចម្រើនយ៉ាងខ្លាំង ពិសេសកំណើនរោងចក្រ សហគ្រាស ដែលគិតមកទល់ថ្ងៃនេះ គឺមានប្រមាណ ១ពាន់៤៥៨ រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីកំពុងបម្រើការប្រមាណជិត ៣០ម៉ឺននាក់ ខណៈរោងចក្រសហគ្រាសនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បាននិងកំពុងមានតម្រូវការនូវកម្លាំងពលកម្មប្រមាណជាង ៦ម៉ឺននាក់ បន្ថែមទៀត ដើម្បីបំពេញទៅតាមរោងចក្រ សហគ្រាស ហើយរោងចក្រ សហគ្រាសទាំងអស់នោះសុទ្ធតែជាសមាជិកប.ស.ស។

 


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវសហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ក្នុងការរៀបជាតារាងបង្ហាញពីបណ្តារោងចក្រ សហគ្រាសណាដែលកំពុងជ្រើសរើសកម្មករ និយោជិក និងបញ្ជូនព័ត៌មានទាំងនោះឱ្យមកដល់តាមបណ្តាភូមិ ឃុំ ស្រុក ដើម្បីបង្កជាលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋឲ្យបានដឹង និងអាចងាយស្រួលរើសការងារដែលគាត់ចង់ធ្វើ និងអាចធ្វើបានដោយមានការជួយសម្របសម្រួលលើនីតិវិធីផ្សេងៗពីមន្ត្រីពាក់ពន្ធ័។

 


ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអប់រំយុវជន និងកីឡាខេត្តឱ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្រួលធ្វើយ៉ាងណាផ្តល់លក្ខណ:ងាយស្រួលលើនីតិវិធីផ្សេងៗ ក្នុងការផ្ទេរការសិក្សារបស់កូនៗ ពលករខ្មែរដែលវិលមកពីប្រទេសថៃវិញ ក្នុងករណីពួកគាត់ចង់ឱ្យកូនៗ បានចូលរៀនវិញនៅស្រុកកំណើត។ លើសពីនេះចំពោះយុវជន យុវនារីដែលបានបញ្ចប់ការសិក្សា ឬបោះបង់ការសិក្សា ចង់រៀន និងចាប់យកជំនាញបច្ចេកទេសផ្ទាល់ខ្លួន ក្រសួងការងារតាមរយៈរដ្ឋបាលខេត្តក៏មានសាលាឱ្យរៀន និងស្នាក់នៅដោយឥតគិតថ្លៃផងដែរ។

 


ជាមួយគ្នានេះ បើតាមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តទៅមន្ទីរការងារ និងអាជ្ញាធរ ឲ្យបង្កើនការផ្សព្វផ្សាយដើម្បីស្វែងរកកម្លាំងពលកម្ម ពិសេសជូនដំណឹងទៅដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលតែងចំណាកស្រុកទៅធ្វើការងារនៅប្រទេសជិតខាង ឲ្យបានដឹងពីឱកាសការងារ។ ក្រសួងការងារ ក្រោមការគិតគូពីរាជរដ្ឋាភិបាល ក៏បាននិងកំពុងបណ្តុះបណ្តាលកម្មករជំនាញបន្ថែមដើម្បីបំពេញតម្រូវការដែលខ្វះ ស្របតាមគោលការណ៍ ទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល គឺឲ្យបាន ១លាន៥សែននាក់។

 

 

បន្ថែមពីនេះ វិស័យឯកជន គឺជាដៃគូអភិវឌ្ឍដ៏សំខាន់ និងមិនអាចខ្វះបានដោយផ្សាភ្ជាប់ទំនក់ទំនងល្អ និងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយភាពសំបូរបែប និងការត្រៀមលក្ខណៈសម្បត្តិ និងមូលធនមនុស្សឲ្យបានគ្រប់ជ្រុងជ្រោយក្នុងការទាក់ទាញ និងស្វាគមន៍វិនិយោគធំៗពីបរទេស។ គួរជម្រាបថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រសរុបចំនួន ៤៤៣កន្លែង មានកម្មករ កម្មការិនីសរុបប្រមាណ ១៧ម៉ឺននាក់ កំពុងបម្រើការ៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ+ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025