ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥

ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម ទៅកាន់ទីផ្សារពិភពលោក រំពឹងនឹងធ្លាក់ចុះ ១០% ក្នុងឆ្នាំ ២០២៥នេះ

០៨ សីហា ២០២៥ | សេដ្ឋកិច្ច

 

សមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម បានឱ្យដឹងថា ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមនៅឆ្នាំនេះ ត្រូវបានគេព្យាករណ៍ថា នឹងមានតម្លៃត្រឹមតែ ៩ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ១០% ធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

សមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម បញ្ជាក់ថា ការនាំចេញគ្រឿងសមុទ្រ នឹងប្រឈមមុខនឹងបញ្ហាជាច្រើន នៅក្នុងឆមាសទី ២ ឆ្នាំ ២០២៥ ជាពិសេសដោយសារតែពន្ធគយរបស់អាមេរិក និងកង្វះវត្ថុធាតុដើម ប៉ុន្តែតម្រូវការគ្រឿងសមុទ្រវៀតណាម កំពុងស្ទុះងើបឡើងវិញនៅអាស៊ី និងសហភាពអឺរ៉ុប។

 


សមាគម បន្តថា ប្រសិនបើការយកពន្ធ ២០% ត្រូវបានអនុម័តនៅក្នុងខែសីហា ដោយសហរដ្ឋអាមេរិក ពិតណាស់ ការនាំចេញគ្រឿងសមុទ្រសម្រាប់ឆ្នាំនេះ រំពឹងថានឹងសម្រេចត្រឹមតែ ៩ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ១០% ធៀបនឹងឆ្នាំ ២០២៤។

 


ដោយឡែក ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ការនាំចេញគ្រឿងសមុទ្រវៀតណាម មានតម្លៃ ៦ពាន់លានដុល្លារ កើនឡើង ១៧% ដែលបានឆ្លុះបញ្ចាំងពី តម្រូវការប្រសើរជាងមុន ការសម្របខ្លួនរបស់សហគ្រាសវៀតណាមចំពោះការប្រែប្រួលជាសកល និងការខិតខំប្រឹងប្រែងដើម្បីពន្លឿនការនាំចេញទៅកាន់សហរដ្ឋអាមេរិក មុនពេលពន្ធខ្ពស់ ត្រូវបានដាក់ក្នុងខែសីហា។

 


ការនាំចេញទៅកាន់ទីផ្សារធំៗដូចជាប្រទេសចិន អាមេរិក ជប៉ុន និង សហភាពអឺរ៉ុប បានបន្តកើនឡើង។ដោយឡែក ក្នុងចំណោមការនាំចេញសរុបប្រចាំឆ្នាំ ដែលបានគ្រោងទុក បង្គា ត្រូវបានគេរំពឹងថានឹងរួមចំណែកប្រមាណ ៣ពាន់ ៨រយលានដុល្លារ និងអាហារសមុទ្រផ្សេងទៀតប្រហែល ៣ពាន់លានដុល្លារ។

 


សូមជម្រាបថា បច្ចុប្បន្ន វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ លើពិភពលោក សម្រាប់ការនាំចេញអាហារសមុទ្រ ដែលមានចំនួនជាង ៧%នៃចំណែកទីផ្សារពិភពលោក តាមពីក្រោយប្រទេសចិន និងន័រវេស៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025