ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានឲ្យដឹងថា ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសំលៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ បានបង្ហាញនូវដំណើរឆ្ពោះទៅមុខរួមគ្នារវាងរដ្ឋ និងវិស័យឯកជន ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្ម និងកម្មន្តសាលកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់គាំទ្រឧស្សាហកម្មក្នុងស្រុក ពិសេសឧស្សាហកម្មវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ដែលកំពុងផ្តល់ការងារជាងមួយលានកន្លែង និងបន្តជាវិស័យនាំមុខសម្រាប់ការនាំចេញរបស់កម្ពុជា។
នៅក្នុងពិធីបើកពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF 2025) និងពិព័រណ៍ឧស្សាហកម្មសំលៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ (CTG 2025) ព្រឹត្តិការណ៍ពិព័រណ៍នេះមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហានេះ ក្នុងនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ពិព័រណ៍នេះបានប្រមូលផ្តុំក្រុមហ៊ុនផលិត នវានុវត្តន៍ករ និងវិនិយោគិនជាង ២០០ ក្រុមហ៊ុន មកពី ១៥ ប្រទេស ដើម្បីស្វែងយល់អំពីដំណាក់កាលបន្ទាប់នៃកំណើនឧស្សាហកម្មរបស់កម្ពុជា ខណៈពិព័រណ៍នេះ គឺជាសក្ខីកម្មបង្ហាញនូវដំណើរឆ្ពោះទៅមុខរួមគ្នារវាងរដ្ឋ និងវិស័យឯកជន ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្ម និងកម្មន្តសាលកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ការនាំចេញរបស់កម្ពុជា។
លើសពីនេះ ពិព័រណ៍ CIMIF និង CTG ឆ្នាំ២០២៥ មានការតាំងបង្ហាញគ្រឿងម៉ាស៊ីន និងខ្សែច្រវាក់ផលិតកម្មជាច្រើនប្រភេទ រួមមានផ្នែកផ្លាស្ទិច និងកៅស៊ូ ការវេចខ្ចប់ ការបោះពុម្ព ឧបករណ៍កែច្នៃអាហារ គ្រឿងបន្លាស់រថយន្ត ម៉ាស៊ីន និងឧបករណ៍ស្វ័យប្រវត្តិកម្ម។ ពិព័រណ៍នេះ ក៏មានផ្នែកវាយនភ័ណ្ឌ សម្លៀកបំពាក់ គ្រឿងបន្លាស់ សរសៃអំបោះ កប្បាស ក្រណាត់ និងបច្ចេកវិទ្យាពាក់ព័ន្ធផងដែរ។ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា ទោះបីកម្ពុជាកំពុងប្រឈមនឹងការគំរាមកំហែងលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនក្តី ប៉ុន្តែស្មារតីសាមគ្គីឯកភាពជាតិដ៏រឹងមាំ និងការបំពេញភារកិច្ច និងកាតព្វកិច្ចរៀងៗខ្លួន ទាំងជួរមុខ និងជួរក្រោយ បានក្លាយជាថាមពលដ៏ខ្លាំងក្លា សម្រាប់ភាពធន់ និងការបន្តវឌ្ឍនភាពរបស់កម្ពុជា។
លើសពីនេះ ការវិវត្តថ្មីៗនៃគោលនយោបាយពាណិជ្ជកម្មសកល ពិសេសការបន្ថយអត្រាពន្ធបដិការបស់សហរដ្ឋអាមេរិកមកលើកម្ពុជា បានផ្តល់ឱ្យកម្ពុជានូវភាពប្រាកដប្រជា និងឱកាសប្រកួតប្រជែងមួយ ដែលកម្ពុជាត្រូវចាប់យក ក្នុងការពង្រីកការវិនិយោគ និងពង្រឹងសមត្ថភាព ដើម្បីប្រែក្លាយកម្ពុជាជាមូលដ្ឋានផលិតកម្មចម្រុះសម្រាប់តំបន់ និងពិភពលោក។បន្ថែមពីលើនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយ ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។ ក្នុងនោះ កម្ពុជាក៏ត្រូវប្តេជ្ញាបោះជំហានចូលទៅកាន់សករាជថ្មី ដែលប្រើប្រាស់បច្ចេកវិទ្យា បច្ចេកទេស គ្រឿងម៉ាស៊ីន និងឧបករណ៍ទំនើបៗ រួមទាំងស្វ័យប្រវត្តិកម្ម ដើម្បីកសាងមូលដ្ឋានឧស្សាហកម្ម និងសេវាកម្ម ប្រកបដោយស្តង់ដា គុណភាព និងផលិតភាពខ្ពស់។
ជាមួយគ្នានេះ ការតាំងពិព័រណ៍ដ៏មានឥទ្ធិពល CIMIF&CTG 2025 បានដើរតួយ៉ាងសំខាន់ក្នុងវិស័យឧស្សាហកម្មអន្តរជាតិ នៅពេលដែលវិស័យផលិតកម្មរបស់កម្ពុជា កំពុងចូលទៅក្នុងយុគសម័យថ្មីនៃការរីកចម្រើនទំនើប និងភាពចម្រុះ CIMIF 2025 និង CTG 2025 ត្រៀមបង្ហាញបច្ចេកវិទ្យាឈានមុខគេក្នុងវិស័យ សម្លៀកបំពាក់ វាយនភ័ណ្ឌ ប្លាស្ទិក ការបោះពុម្ព ឧស្សាហកម្មយានយន្ត និងផ្នែកកសិកម្ម។ CIMIF&CTG 2025 មិនត្រឹមតែជាការបង្ហាញផលិតផលពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាយុទ្ធសាស្ត្រមួយ ដែលគាំទ្រយ៉ាងសកម្មដល់ចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមរយៈការលើកកម្ពស់សហការអន្តរជាតិ ការបង្ហាញនូវនវានុវត្តន៍ និងការជំរុញការផ្លាស់ប្តូរទៅឌីជីថល ពិព័រណ៍ទាំងនេះនឹងមានតួនាទីសំខាន់ ក្នុងការប្រែប្រួលនាពេលអនាគតសម្រាប់វិស័យឧស្សាហកម្មរបស់កម្ពុជា។
សូមជម្រាបថា វិស័យផលិតកម្មរបស់កម្ពុជាត្រូវបានគេគ្រោងថា នឹងមានការលូតលាស់ចំនួន ៨% នៅឆ្នាំ ២០២៥ ខណៈដែលផលិតផលឧស្សាហកម្មនឹងកើនឡើងចំនួន ៩% នៅឆ្នាំ ២០២៦។ ទៀតសោត យុទ្ធនាការរបស់រដ្ឋាភិបាលកម្ពុជាដែលកំពុងអនុវត្ត រួមមានការធ្វើឱ្យប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធ ការគាំទ្រដល់អាជីវកម្មតូចមធ្យម (SME) និងការផ្លាស់ប្តូរទៅជាប្រព័ន្ធឌីជីថល (5G, cloud និងការផលិតឆ្លាតវៃ) ដែលកំពុងជួយលើកកម្ពស់សេដ្ឋកិច្ចរបស់កម្ពុជា ឱ្យក្លាយជាគន្លងឧស្សាហកម្មក្នុងតំបន់ដែលកំពុងឈានទៅមុខគេ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ