ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរលទ្ធផលនៃកិច្ចប្រជុំ GBC កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី

០៨ សីហា ២០២៥ | ព័ត៌មានជាតិ

 

 

តាមបណ្តាញសង្គម នារសៀលថ្ងៃទី៧ ខែសីហានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ 

 

 

សម្តេច ហ៊ុន ម៉ាណែត លើកឡើងថា កិច្ចប្រជុំនេះ ជាការអនុវត្តនូវចំណុច ដែលបានឯកភាពគ្នា រវាងសម្តេច និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហការរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ 

 

 

សម្តេច បន្តថា ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សា និងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរ ក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។ 

 

 

សម្តេច ហ៊ុន ម៉ាណែត បន្ថែមថា ភាគីទាំងពីរ ក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ។

 

 

ក្នុងករណីចាំបាច់ ភាគីទាំងពីរ អាចកោះប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសថា កម្ពុជា ក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូប ដែលស្ថិតនៅក្នុងការឃុំគ្រងរបស់កងទ័ពថៃ ឲ្យបានឆាប់រហ័សផងដែរ៕
 

 

 

អត្ថបទ និងរូបភាព៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025