ថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា ឆ្នាំ២០២៥

ក្រុមលេខាធិការ GBC កម្ពុជា-ថៃ បន្តកិច្ចប្រជុំ នៅម៉ាឡេស៊ី ឈានចូលថ្ងៃទី២ នៅថ្ងៃទី៥សីហានេះ

០៦ សីហា ២០២៥ | ព័ត៌មានជាតិ

 


នៅថ្ងៃទី៥ ខែសីហានេះ ជាថ្ងៃទី២ហើយ ដែលក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅ GBC កម្ពុជា-ថៃ បានបើកកិច្ចប្រជុំ នៅប្រទេសម៉ាឡេស៊ី។ នេះជាកិច្ចប្រជុំ ដែលបានធ្វើឡើង នៅមុនកិច្ចប្រជុំ GBC ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ 

 


លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងសេចក្តីសង្ខេបព័ត៌មាន កាលពីម៉ោង ១១ព្រឹកថ្ងៃទី៥ ខែសីហានេះថា ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ស៊ិន សុខា ប្រធានក្រុមលេខាធិការ (GBC) បានបន្តកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាបន្ថែមទៀត ក្នុងការជំរុញប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តគ្នា ជាមួយភាគីថៃ។ 
ដាក់ខ្លីប៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ

 

 

សូមរម្លឹកថា កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ប្រតិភូក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើដំណើរពីភ្នំពេញ ទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ ជាមួយភាគីថៃ ចាប់ថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។

 

 

កិច្ចប្រជុំរវាងក្រុមការងារលេខាធិការកម្ពុជា និងថៃ រយៈពេល ៣ថ្ងៃនេះ ធ្វើឡើង មុនកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃ ដែលគ្រោងធ្វើ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥  នៅប្រទេសម៉ាឡេស៊ី ដោយមានម៉ាឡេស៊ី អាម៉េរិក និងចិន ចូលរួមសង្កេតការណ៍។

 

 

កិច្ចប្រជុំ GBC នាពេលនេះ ស្ថិតនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ ដែលកម្ពុជា និងថៃ បានព្រមព្រៀង ក្នុងកិច្ចប្រជុំពិសេសកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕

 

 

អត្ថបទ និងរូបភាព៖ PNN 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025