ថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា ឆ្នាំ២០២៥

តុក្កតា Tom and Jerry ស៊េរីថ្មីលាយបញ្ចូលវប្បធម៌ចិននិងអាមេរិក

០៦ សីហា ២០២៥ | កម្សាន្ដ

 

ភាពយន្ត Tom and Jerry ស៊េរីថ្មីដែលផលិតដោយក្រុមហ៊ុនចិន និងអាមេរិក បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងការលាយបញ្ចូលគ្នានៃវប្បធម៌កំប្លែងរវាងប្រទេសទាំងពីរ។

 

 

ភាពយន្តឆ្មាកណ្ដុរជំនាន់ថ្មីមានចំណងជើងថា “Tom and Jerry: Forbidden Compass” ត្រូវបានសម្ពោធបញ្ចាំងជាលើកដំបូងកាលពីពេលថ្មីៗនេះនៅទីក្រុងប៉េកាំង ជាមួយសាច់រឿងបែបឆ្លងភពខណៈតួអង្គដ៏ល្បីល្បាញទាំងពីរបានវិលត្រឡប់ទៅប្រទេសចិនសម័យបុរាណសម្រាប់ការផ្សងព្រេងចុងក្រោយរបស់ពួកគេ។

 

 


ក្នុងភាពយន្តថ្មីនេះ ក្រុមការងារផលិតបានបញ្ចូលធាតុផ្សំនៃវប្បធម៌ចិនជាច្រើន ខណៈនិយាយអំពីប្រវត្តិដ៏សម្បូរបែបនៃឧស្សាហកម្មភាពយន្តរបស់សហរដ្ឋអាមេរិកផងដែរ។

 

 


លោក Zhang Gang (ចាងកាង) ជាអ្នកដឹកនាំ និងជាអ្នកនិពន្ធរឿងផ្ទាល់បាននិយាយថា នៅពេលដែល Tom និង Jerry ធ្វើដំណើរត្រលប់ទៅប្រទេសចិនសម័យបុរាណ ពួកគេបានជួបនឹងតួអង្គក្នុងទេវកថាចិនជាច្រើន ខណៈឈុតខ្លះក៏ធ្វើឱ្យគេនឹកឃើញដល់តារាកំប្លែងអាមេរិកសាក់ឡូ ឬ Charlie Chaplin ដែលបង្កើតបានជាឈុតឆាកកំប្លែងរសជាតិថ្មីប្លែកពីស៊េរីមុនៗ។

 

 


ខណៈពេលដែលតុក្កតាឆ្មានិងកណ្ដុរត្រូវបានផលិតចេញជាភាពយន្តខ្នាតធំជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែក្នុងរឿងនេះជាលើកដំបូងដែល Tom and Jerry បានទៅធ្វើដំណើរទៅប្រទេសចិន ហើយការរួមបញ្ចូលដ៏គួរឱ្យចាប់អារម្មណ៍នៃវប្បធម៌ចិនទៅក្នុងរឿងបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍រំភើប។

 


ទស្សនិកជនជនជាតិអាមេរិកម្នាក់បាននិយាយថា វាពិតជាលើសពីការរំពឹងទុករបស់ខ្លួននៅពេលដែលលឺថា Tom and Jerry បង្ហាញខ្លួនជាមួយវប្បធម៌ចិនលើកដំបូង និងបន្ថែមថាក្នុងរឿងនេះមានតួអង្គឆ្លាតវៃជាច្រើន។

 


ចំណែកទស្សនាជនជាតិចិនម្នាក់បាននិយាយថា ភាពយន្តនេះបាននាំការចងចាំរបស់នាងកាលពីកុមារភាពត្រលប់មកវិញ ខណៈឈុតឆាក Action និងបទចម្រៀងគឺជាអ្វីដែលទាក់ទាញអ្នកទស្សនាបំផុត ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025