ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥
មន្ត្រីយោធាកូរ៉េខាងត្បូង និងអាម៉េរិកបានប្រាប់អ្នកកាសែតក្នុងទីក្រុងសេអ៊ុលប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះថា យោធានៃប្រទេសទាំងពីរនឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំដ៏សំខាន់មួយហៅថា«ខែលការពារសេរីភាពអ៊ុលឈី (UFS)» សម្រាប់រយៈពេល១១ថ្ងៃដោយចាប់ផ្ដើមពីថ្ងៃទី១៨ ខែសីហានៅប្រទេសកូរ៉េខាងត្បូង។
លោក លី ស៊ុងជុន អ្នកនាំពាក្យអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធប្រចាំឆ្នាំនេះនឹងត្រូវកែសម្រួលខ្លះៗនៅក្នុងចំណោមការហ្វឹកហាត់ចំនួន៤០នៅឆ្នាំនេះដោយសារតែហេតុផលអាកាសធាតុ ប៉ុន្តែមិនមែនដោយសារកត្តានយោបាយនោះទេ។ លោក លី បាននិយាយយោងទៅនឹងជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាថា សមយុទ្ធនៅឆ្នាំនេះនឹងសាកល្បងការឆ្លើយតបកាន់តែប្រសើរឡើងចំពោះការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏ដូចជាបច្ចេកវិទ្យាទំនើបៗដែលប្រើប្រាស់ក្នុងសង្គ្រាមទំនើបផងដែរ។ លោក លី បានបន្ថែមថា សមយុទ្ធនេះក៏នឹងរួមបញ្ចូលសេណារីយ៉ូនៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើងផងដែរ ប៉ុន្តែនឹងមិនគ្របដណ្តប់ការសាកល្បងនុយក្លេអ៊ែរដ៏មានសក្តានុពលរបស់ទីក្រុងព្យុងយ៉ាងនោះទេ។
អ្នកវិភាគខ្លះព្រួយបារម្ភថា កូរ៉េខាងជើងនឹងឆ្លើយតបចំពោះការកែសម្រួលនេះដោយពួកគេនិយាយថា កូរ៉េខាងជើងនឹងមិនពេញចិត្តចំពោះការកែសម្រួលនេះទាល់តែសោះ ហើយអ្វីដែលរបបក្រុងព្យុងយ៉ាងចង់បានបំផុតនោះគឺការបញ្ចប់សមយុទ្ធជាមួយសហរដ្ឋអាម៉េរិក គឺមិនមែនចង់បានការកែសម្រួលផែនការហ្វឹកហាត់បន្តិចបន្តួចឡើងវិញនេះឡើយ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន