ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥

លោកModiនឹងបំពេញទស្សនកិច្ចនៅចិនជាលើកដំបូងក្នុងពេល៧ឆ្នាំខណៈភាពតានតឹងជាមួយអាមេរិកកើនឡើង

 

 

លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi  នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូង ក្នុងពេលជាង៧ឆ្នាំកន្លងមកនេះ។ យោងប្រភពរដ្ឋាភិបាលឥណ្ឌាឱ្យដឹងនៅថ្ងៃពុធ(៦សីហា)។ ដំណើរទស្សនកិច្ច នឹងបង្ហាញជាសញ្ញាបន្ថែមទៀត សម្រាប់ផ្នែកកិច្ចការទូត ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ខណៈភាពតានតឹងរវាងឥណ្ឌានិងសហរដ្ឋអាមេរិកកើនឡើង។ 

 

លោកModi នឹងទៅប្រទេសចិន សម្រាប់កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃពហុភាគី ដែលចាប់ផ្តើមនៅថ្ងៃ៣១សីហា។ យោងប្រភពរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងកិច្ចការនេះដោយផ្ទាល់ប្រាប់សារព័ត៌មានរ៉យទ័រ។ ក្រសួងការបរទេសឥណ្ឌា មិនមានការឆ្លើយតបណាមួយ ចំពោះសំណើរសុំអត្ថាធិប្បាយឡើយ។ 

 

ដំណើរទស្សនកិច្ចរបស់លោកModi ទៅកាន់ប្រទេសចិន កើតឡើងចំពេលដែលទំនាក់ទំនងរបស់រដ្ឋាភិបាលឥណ្ឌា ជាមួយសហរដ្ឋអាមេរិកប្រឈមនឹងវិបត្តិធ្ងន់ធ្ងរខ្លាំងបំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump  ដាក់ពន្ធខ្ពស់បំផុតលើប្រទេសឥណ្ឌាក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីទៅលើទំនិញនាំចូលពីប្រទេសឥណ្ឌា ហើយក៏មានការគំរាមកំហែងដាក់ពិន័យបន្ថែមទៀតជុំវិញបញ្ហាដែលរដ្ឋាភិបាលទីក្រុងញូវដេលីទិញប្រេងពីប្រទេសរុស្ស៊ី។ 

 

ដំណើរទស្សនកិច្ចរបស់លោក Modi ទៅកាន់ទីក្រុងធៀនជីន ប្រទេសចិន សម្រាប់កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃពហុភាគី ដែលជាអង្គការនៃក្រុមប្រទេសសន្តិសុខនិងនិយោបាយអ៊ឺរ៉ុបអាស៊ី រួមមានទាំងប្រទេសរុស្ស៊ីផងដែរនោះ នឹងជាដំណើរទស្សនកិច្ចលើកទី១ ចាប់តាំងពីខែមិថុនាឆ្នាំ២០១៨។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025