ថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា ឆ្នាំ២០២៥

ភាពយន្តភាគល្បីរបស់ Netflix “Wednesday” ត្រៀមចេញរដូវកាលទី២

០៥ សីហា ២០២៥ | កម្សាន្ដ

 

រឿងភាគបែបរន្ធត់ដ៏ល្បីល្បាញ "Wednesday" របស់ Netflix នឹងត្រលប់មកវិញជាមួយរដូវកាលទី២ រយៈជិតបីឆ្នាំបន្ទាប់ពីរដូវកាលដំបូងបានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។

 


រដូវកាលទី ២ នៃស៊េរីរឿងភាគបែប Dark Fantasy "Wednesday" បានមកដល់ជាមួយពិធីសម្ពោធបញ្ចាំងពិសេសនៅទីក្រុងឡុងដ៍ ដោយមានវត្តមានតួសម្តែងនិងក្រុមផលិតករដើរកំរាលព្រំពណ៌ស្វាយនៅសួនច្បារខាងក្រៅមជ្ឈមណ្ឌល Central Hall Westminster និងដងផ្លូវនៅមុខមជ្ឈមណ្ឌល Queen Elizabeth II។

 


រដូវកាលថ្មីនេះនឹងបន្តបង្ហាញពីសាច់រឿងរបស់តួឯកស្រី Wednesday Addams សម្ដែងដោយ Jenna Ortega ដែលនឹងត្រឡប់ទៅសាលារៀន Nevermore Academy វិញក្នុងនាមជាវីរនារីដ៏ល្បី។

 

 

ក្មេងស្រីជំទង់ម្នាក់នេះនឹងពាក់មួកអ្នកស៊ើបអង្កេតរបស់នាងឡើងវិញដើម្បីដោះស្រាយអាថ៌កំបាំងពាក់ព័ន្ធជំនឿអរូបីថ្មីដែលកំពុងញាំញីសាលារៀន ស្របពេលត្រូវដោះស្រាយជាមួយនឹងភាពមិនច្បាស់លាស់នៃផ្លូវចិត្តរបស់នាងផងដែរ។

 


រដូវកាលទី ២ ក៏នឹងមានការណែនាំតួអង្គថ្មីៗផងដែរ រួមមាននាយកសាលា Nevermore ថ្មីសម្ដែងដោយលោក Steve Buscemi និងបុព្វបុរសគ្រួសារ Addams លោកយាយ Hester Frump ដែលសម្តែងដោយអ្នកស្រី Joanna Lumley។  មិនតែប៉ុណ្ណោះ តារាចម្រៀងប៉ុប Lady Gaga ក៏គ្រោងនឹងចូលខ្លួនសម្ដែងជាគ្រូបង្រៀនមួយរូបដែរនៅវគ្គ ២នេះ។

 


ចេញបញ្ចាំងរដូវកាលដំបូងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ រឿងភាគមួយនេះបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ដោយបានក្លាយជារឿងភាគ Netiflix និយាយភាសាអង់គ្លេសដែលមានអ្នកទស្សនាច្រើនបំផុតលំដាប់ទី២ និងទទួលបានពានរង្វាន់ចំនួន ៤ ពីកម្មវិធី Primetime Emmy Awards។ភាពយន្តភាគ “Wednesday” រដូវកាលទី ២ នឹងត្រូវបានចេញផ្សាយនៅថ្ងៃទី ៦ ខែសីហា សម្រាប់ ៤ ភាគដំបូង និងថ្ងៃទី ៣ ខែកញ្ញាសម្រាប់ ៤ ភាគចុងក្រោយ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025