ថ្ងៃច័ន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥
អ្នកនិយមចូលចិត្តវិស័យបច្ចេកវិទ្យាបានជួបជុំគ្នានៅទីក្រុងប៉េកាំងដើម្បីចូលរួមពិធីតាំងពិព័រណ៍អន្តរជាតិមួយកាលពីថ្ងៃពុធ។ នៅក្នុងពិធីនោះ គេដាក់តាំងបង្ហាញនវានុវត្តន៍ថ្មីៗទំនើបចុងក្រោយបង្អស់។
តាមរយៈរូបវីឌីអូដែលថតបានថ្មីៗនេះ គេឃើញភ្ញៀវអញ្ជើញទស្សនារបស់របរបំពាក់បច្ចេកវិទ្យាថ្មីបំផុតដែលគេយកមកដាក់តាំងយ៉ាងព្រោងព្រាត។ ក្នុងនោះមានរ៉ូបូតចេះរាំ, អេក្រង់ឡេបថប់ដែលមានសភាពថ្លាដូចកញ្ចក់,តាក់ស៊ីហោះ និងសត្វសុនខយន្តចេះហោះសម្រាប់ជួយសង្គ្រោះនៅពេលមានអាសន្ន។ លោកចូវមីង (Zhou Ming) ជាវិស្វករបម្រើការនៅក្រុមហ៊ុនរបស់ចិនប្រាប់ថាការតាំងពិព័រណ៍នេះធ្វើឡើងនៅក្នុងបរិយាកាសល្អណាស់ ពោលគឺល្អជាងកាលពីឆ្នាំមុនទៅទៀត។
លោកសង្ឃឹមថាតាមរយៈការតាំងពិព័រណ៍នេះ យើងអាចមិនត្រឹមតែបង្ហាញផលិតផល និងលទ្ធផលរបស់វាតែប៉ុណ្ណោះទេ ប៉ុន្តែក៏អាចស្វែងយល់ស៊ីជម្រៅពីគ្នាទៅវិញទៅមករវាងក្រុមហ៊ុនដែលរីកចម្រើន និងក្រុមហ៊ុនដែលថយចុះ។ ក្រុមហ៊ុនដែលយកផលិតផលមកតាំងពិព័រណ៍ខ្លះយល់ថាការតាំងពិព័រណ៍ទាំងផលិតផលក្នុងស្រុក និងក្រៅស្រុកអាចជួយជំរុញកិច្ចសហការជាសាកលនៅក្នុងវិស័យបច្ចេកវិទ្យា។
លោកម៉ាត់ធាស.វីនសឹន.ហ្គើបឺ (Matthias Vincent Gerber) ជានាយកក្រុមហ៊ុនបច្ចេកវិទ្យាយល់ថាប្រទេសចិននាំមុខគេខាងថាមពលថ្មី ជាពិសេសក្រុមហ៊ុនទាំងអស់ដែលយកផលិតផលមកបង្ហាញនៅទីនេះពោរពេញដោយថាមពល និងគិតគូរទៅដល់អនាគត។ លោកថ្លែងថាលោកមកទីនេះដើម្បីជំរុញទឹកចិត្តក៏ដូចជាផ្លាស់ប្ដូរបទពិសោធជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនដទៃទៀត និងស្វែងរកជំហររួមគ្នាដើម្បីប្រមូលកម្លាំងធ្វើកិច្ចការនេះ។
ពិធីនេះរៀបចំចាប់ពីថ្ងៃទី១៦ដល់២០ ខែកក្កដា និងផ្ដោតសំខាន់ទៅលើសង្វាក់ផ្គត់ផ្គង់ចំនួន៦ធំៗ។ នោះគឺផលិតកម្ម ថាមពលស្អាត រថយន្តឆ្លាតវៃ បច្ចេកវិទ្យាឌីជីថល សុខុមាលភាពក្នុងការរស់នៅ និងកសិកម្មបៃតង។ ពិព័រណ៍ឆ្នាំនេះចូលរួមដោយក្រុមហ៊ុន និងស្ថាប័នសរុប៦៥១មកពី៧៥ប្រទេស៕
ប្រែសម្រួល៖ អន សំអាង