ថ្ងៃច័ន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥
ថ្លែងទៅកាន់សមាជិកសភានៅក្នុងសុន្ទរកថារយៈពេលជាងមួយម៉ោងនៅថ្ងៃចន្ទនេះ លោក ម៉ាកូស បាននិយាយថា មកដល់ពេលនេះគោលនយោបាយការបរទេសរបស់ហ្វីលីពីនគឺនៅដដែល ពោលគឺហ្វីលីពីននៅតែជាមិត្តសម្រាប់ទាំងអស់គ្នា ហើយហ្វីលីពីនមិនមែនជាសត្រូវនឹងនរណាម្នាក់ឡើយ។លោក ម៉ាកូស បាននិយាយថា រដ្ឋបាលរបស់លោកបានបោះជំហានទៅមុខក្នុងការពង្រឹងភាពជាដៃគូជាមួយប្រទេសផ្សេងៗដើម្បីរក្សាផលប្រយោជន៍របស់ប្រទេសនេះ ហើយសន្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏មានតម្លៃសម្រាប់ហ្វីលីពីនដែលជាហេតុធ្វើឱ្យហ្វីលីពីនកំពុងពង្រឹង និងបន្តអភិវឌ្ឍវាថែមទៀត។
លោក ម៉ាកូស បានបន្ថែមថា ហ្វីលីពីនកំពុងបន្ថែមគ្រឿងសព្វាវុធ និងយានជំនិះប្រយុទ្ធបន្ថែមទៀតសម្រាប់កងកម្លាំងនគរបាល និងកងកម្លាំងប្រដាប់អាវុធរបស់ពួកគេដែលជាផ្នែកមួយនៃកិច្ចខិតខំធ្វើទំនើបកម្ម និងការការពារដ៏ទូលំទូលាយ។ មេដឹកនាំហ្វីលីពីនរូបនេះក៏បានប្រាប់សមាជិកសភាអំពីសេដ្ឋកិច្ចរបស់ប្រទេសនេះ និងបានអញ្ជើញអ្នកជំនួញឱ្យទៅបណ្តាក់ទុនកាន់តែច្រើននៅប្រទេសផងដែរដោយលោកបានផ្ញើសារទៅកាន់វិនិយោគិនបរទេសថា ហ្វីលីពីនត្រៀមខ្លួនជាស្រេចសម្រាប់ការវិនិយោគនៅហ្វីលីពីន។
នៅថ្ងៃចន្ទនេះដែរ ក្រុមសកម្មជនរាប់ពាន់នាក់បានធ្វើការតវ៉ានៅជិតរដ្ឋសភាដោយបានរិះគន់រដ្ឋាភិបាលលោក ម៉ាកូស ចំពោះការខកខានធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន។ អ្នកតវ៉ាម្នាក់បាននិយាយថា ក្នុងពេលបីឆ្នាំមកនេះ លោក ម៉ាកូស បានបោកបញ្ឆោតប្រជាជនដោយមិនបានធ្វើតាមការសន្យារបស់លោកក្នុងការដោះស្រាយបញ្ហាពុករលួយ និងការជំរុញសេដ្ឋកិច្ចនោះឡើយ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន