ថ្ងៃច័ន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥
ក្រុមហាម៉ាស់ បានបញ្ជាក់នៅថ្ងៃសៅរ៍ថា មិនទម្លាក់អាវុធឡើយ រហូតដល់រដ្ឋប៉ាលេស្ទីនត្រូវបានបង្កើតឡើង។ ការប្រកាសនេះ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ប្រេសិតពិសេសអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈឹមបូព៌ាលោក Steve Witkoff ។
ក្រុមហាម៉ាស់ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះ ថា «ការតស៊ូ និងអាវុធរបស់យើង នឹងមិនត្រូវបានបោះបង់ឡើយ រហូតដល់សិទ្ធិប្រជាជាតិពេញលេញរបស់យើង ត្រូវបានស្ដារឡើងវិញ ដែលសំខាន់បំផុតក្នុងចំណោមនោះ គឺការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាពពេញលេញ»។
អំឡុងពេលជួបជាមួយគ្រួសារចំណាប់ខ្មាំងអ៊ីស្រាអ៊ែល នៅកន្លែងបាតុកម្មនៅទីក្រុងតេលអាវី នៅថ្ងៃសៅរ៍ លោកWitkoff បាននិយាយថា ក្រុមហាម៉ាស់ប្រាប់ថា ពួកគេត្រៀមរំសាយទ័ព។
លោក Witkoff បន្ថែម «រដ្ឋាភិបាលប្រទេសអារ៉ាប់ជាច្រើន នាពេលឥឡូវនេះ បានទាមទារឱ្យក្រុមហាម៉ាស់ រំសាយទ័ព។ ដូច្នេះ យើងកាន់តែខិតទៅជិតខ្លាំងនឹងដំណោះស្រាយបញ្ចប់សង្គ្រាមតំបន់ហ្គាហ្សា»។ យោងសារព័ត៌មានអ៊ីស្រាអ៊ែល Haaretz ។
ប្រែសម្រួល៖ណាវ័ន្ត