ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

ចម្រៀងក្នុងរឿង “Kpop Demon Hunters” ជាប់ចំណាត់ថ្នាក់ Top នៅទូទាំងពិភពលោក

០១ សីហា ២០២៥ | កម្សាន្ដ

 

ភាពយន្តគំនូរជីវចល “Kpop Demon Hunters” មិនត្រឹមតែទទួលបានជោគជ័យសម្រាប់ការទស្សនានៅលើវេទិកា Netflix ប៉ុន្តែបទចម្រៀងជាច្រើនបទពីភាពយន្តនេះក៏បានទទួលការគាំទ្រខ្លាំងណាស់ដែរលើតារាងចម្រៀងទូទាំងពិភពលោក។

 


កម្រងចម្រៀងពីភាពយន្តគំនូរជីវចលដ៏ល្បីរបស់ Netflix គឺ “KPop Demon Hunters” នៅតែបន្តជាប់ចំណាត់កំពូល មិនត្រឹមតែនៅលើវេទិកា Streaming ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅលើតារាងចម្រៀងទូទាំងពិភពលោកផងដែរ។

 


ជាក់ស្ដែង បទចម្រៀងមានចំណងជើងថា "Golden" បានជាប់ចំណាត់ថ្នាក់លេខ ២ នៅលើតារាង Billboard របស់សហរដ្ឋអាមេរិក និងលេខ ៤ នៅលើតារាងចក្រភពអង់គ្លេសគិតត្រឹមសប្ដាហ៍នេះ។ បទចម្រៀងនេះគឺជាបទរបស់ក្រុម HUNTR/X (ហាន់ទ្រិក) ដែលជាក្រុម K-Pop ប្រឌិតមួយនៅក្នុងភាពយន្តគំនូរជីវចលតន្ត្រីប្រចាំឆ្នាំ២០២៥មួយនេះ។

 


គួរបញ្ជាក់ថាអាល់ប៊ុមចម្រៀងពីភាពយន្ត "KPop Demon Hunters" ក៏រួមមានបទចម្រៀងពីរបទរបស់ក្រុមចម្រៀងនារីល្បី TWICE ផងដែរ។ ក្នុងនោះរួមមានបទ “Strategy” ដែលជាបទដើមរបស់ TWICE និងមួយទៀតគឺបទ “TAKEDOWN” ដែលក្រុម TWICE បានច្រៀង Cover សម្រាប់ក្រុម HUNTR/X។

 


ភាពយន្ត “KPop Demon Hunters” មានសាច់រឿងនិយាយពីតារាប៉ុបបីនាក់ ដែលទទួលបានភាពល្បីល្បាញក្នុងនាមជាអ្នកប្រមាញ់បិសាច ដើម្បីការពារអ្នកគាំទ្ររបស់ពួកគេពីការគំរាមកំហែងនានា។ ទទួលបានការសាទរយ៉ាងខ្លាំងទាំងពីសំណាក់អ្នកវិភាគ និងទស្សនិកជនទូទៅ ភាពយន្តនេះបានក្លាយជាភាពយន្តគំនូរជីវចលដើមរបស់ Netflix ដែលមានអ្នកទស្សនាច្រើនបំផុត។

 

 

តារាល្បីៗដែលបានបញ្ចូលសំឡេងក្នុងខ្សែភាពយន្តនេះរួមមានតារាសម្ដែង Arden Cho, Ahn Hyo-seop និង May Hong រួមជាមួយតារាចម្រៀងដូចជា Kevin Woo និង Ejae ។

 


ភាពយន្ត “Kpop Demon Hunters” ក៏មានការចូលរួមពីសំណាក់តារាជើងចាស់ដូចជាតារាកំប្លែង Ken Jeong ដែលបញ្ចូលសំឡេងអ្នកគ្រប់គ្រងរបស់ HUNTR/X, តួរឿង “Squid Game” Lee Byung-hun បញ្ចូលសំឡេងជាស្តេចបិសាច និងតួរឿង “Lost” Daniel Dae Kim បញ្ចូលសំឡេងជាអ្នកព្យាបាលវេទមន្ត ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025