ថ្ងៃសុក្រ ទី០១ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០១ ខែសីហា ឆ្នាំ២០២៥
គិតត្រឹមចុងខែកក្កដានេះ ប្រទេសចិនបានវិនិយោគប្រាក់ជាង 2 ពាន់លានដុល្លារក្នុងឧស្សាហកម្មផលិតមនុស្សយន្តនៅឆ្នាំ2025។ឧស្សាហកម្មមនុស្សយន្តរបស់ប្រទេសចិនបានមើលឃើញការអភិវឌ្ឍន៍រីកចម្រើនកាន់តែខ្លាំងនៅឆ្នាំនេះ ខណៈកញ្ចប់ថវិកាជាង 15 ពាន់លានយន់ ស្មើនឹងប្រហែល 2.09 ពាន់លានដុល្លារអាមេរិក ត្រូវបានវិនិយោគរួចទៅហើយ។
យោងតាមស្ថិតិនានាបានឱ្យដឹងថា ចាប់តាំងពីខែមិថុនា ក្រុមហ៊ុនផលិតមនុស្សយន្តច្រើនជាង 10 បានប្រកាសពីការបញ្ចប់ការផ្តល់ហិរញ្ញប្បទានថ្មីរបស់ពួកគេ ដោយកញ្ចប់វិនិយោគនីមួយៗមានតម្លៃលើសពីរាប់រយលានយន់។
លោក Li Yang ជានាយកក្រុមហ៊ុន DEEP Robotics ដែលជាសហគ្រាសបច្ចេកវិទ្យាខ្ពស់មានឯកទេសក្នុងការបង្កើត និងអនុវត្តបច្ចេកវិទ្យា AI បានចែករំលែកថា ក្រុមហ៊ុនរបស់លោកទើបតែបានបញ្ចប់ការអនុម័តការវិនិយោគថ្មីចំនួនជិត 500 លានយន់ (ស្មើនឹងប្រហែល 70 លានដុល្លារ) នៅដើមខែកក្កដា។
កញ្ចប់ថវិកានេះនឹងត្រូវប្រើជាចម្បងលើវិស័យចំនួនបីគឺ ទី1 ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផលិតផលមនុស្សយន្ត និងរបកគំហើញបច្ចេកវិជ្ជា ទី2 ការពង្រីកខ្សែសង្វាក់ផលិតកម្មសម្រាប់មនុស្សយន្តជើងបួន និងទី3 គឺការជ្រើសរើសបុគ្គលិកដែលមានទេពកោសល្យពិសេស។
ទន្ទឹមនឹងនេះ ស្ថាប័នបណ្តាក់ទុន និងមូលនិធិវិនិយោគសមធម៌ជាច្រើនក៏កំពុងពន្លឿនគម្រោងរបស់ពួកគេនៅក្នុងឧស្សាហកម្មមនុស្សយន្តវៃឆ្លាតនេះដែរ ស្របពេលរដ្ឋបាលក្នុងតំបន់ជាច្រើនក៏បានបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងវិស័យនេះដូចគ្នា។
ទិន្នន័យផ្លូវការបង្ហាញថា ប្រទេសចិនមានការវិនិយោគ និងការផ្តល់ហិរញ្ញប្បទានចំនួន 108 គម្រោងក្នុងវិស័យមនុស្សយន្តក្នុងឆ្នាំ 2025 ជាមួយនឹងចំនួនទឹកប្រាក់សរុបចំនួន 15.35 ពាន់លានយន់ (ប្រហែល 2.14 ពាន់លានដុល្លារអាមេរិក) ខណៈដែលប័ណ្ណប៉ាតង់ការច្នៃប្រឌិតថ្មីរបស់ចិនត្រូវបានបន្ថែមចំនួន 41 696 ច្បាប់ ៕
ប្រែសម្រួល៖ វ៉ាន់ថន