ថ្ងៃសុក្រ ទី០១ ខែសីហា ឆ្នាំ២០២៥

គ្រោងឆ្អឹងដាយណូសឺវ័យជំទង់ត្រូវគេទិញយកតម្លៃជាង៣០លានដុល្លារនៅក្នុងពិធីដាក់លក់ដេញថ្លៃ

២៨ កក្កដា ២០២៥ | កម្សាន្ដ

គ្រោងឆ្អឹងសត្វដាយណូសឺវ័យជំទង់មួយក្បាលដ៏កម្រដែលស្ថិតនៅក្នុងប្រភេទសត្វស៊ីរ៉ាតូសូរើស (Ceratosaurus) ត្រូវគេទិញយកនៅក្នុងតម្លៃ៣០,៥លានដុល្លារនៅក្នុងពិធីលក់ដេញថ្លៃរៀបចំដោយក្រុមហ៊ុនសូតថឺប៊ីនៅទីក្រុងញូយ៉កកាលពីថ្ងៃទី១៦ ខែកក្កដា។ ពោលគឺតម្លៃនេះលើសការប៉ាន់ស្មានរហូតដល់ទៅជាង៧ដងឯណោះ។តម្លៃខាងលើធ្វើឲ្យគ្រោងឆ្អឹងដាយណូសឺ១ក្បាលនេះក្លាយជាគ្រោងឆ្អឹងដែលថ្លៃលំដាប់ទីបី។

 

 

អ្នកដេញថ្លៃ៦នាក់បានដេញជើងគ្នាទៅមកៗអស់រយៈពេល៦នាទីតាមទូរស័ព្ទផង, តាមអនឡាញផង និងនៅនឹងកន្លែងដេញថ្លៃផង។ នៅទីបញ្ចប់ គ្រោងឆ្អឹងនេះបានទៅលើអតិថិជនម្នាក់តំណាងដោយបណ្ឌិតមេតធូ.ហូសហ្វាត (Matthew Hoffarth) ជាប្រធានផ្នែកលក់របស់ប្រវត្តិសាស្ត្រធម្មជាតិនៃក្រុមហ៊ុនសូតថឺប៊ី។ គ្រោងឆ្អឹងដាយណូសឺអម្បូរស៊ីរ៉ាតូសូរើស (Ceratosaurus) ១ក្បាលនេះជាប់ឈ្មោះនៅក្នុងបញ្ជីគ្រោងឆ្អឹងដាយណូសឺថ្លៃៗដែលដាក់លក់ដោយសូតថឺប៊ី។

 

 

នោះក្នុងចំណោមនោះមានគ្រោងឆ្អឹងដាយណូសឺអេប៉ិច (Apex) លក់បាន៤៤,៦លានដុល្លារកាលពីឆ្នាំ២០២៤, គ្រោងឆ្អឹងដាយណូសឺចចហ្គោសូរើស (Gorgosaurus) លក់បាន៦,១លានដុល្លារកាលពីឆ្នាំ២០២២ និងគ្រោងឆ្អឹងដាយណូសឺស៊ូ (Sue) លក់បាន៨,៤លានដុល្លារកាលពីឆ្នាំ១៩៩៧។

 

 

យោងតាមការបង្ហើបឲ្យដឹងពីក្រុមហ៊ុនសូតថឺប៊ី ម្ចាស់ថ្មីនៃគ្រោងឆ្អឹងដាយណូសឺវ័យជំទង់ស៊ីរ៉ាតូសូរើសនេះ (Ceratosaurus) គ្រោងអនុញ្ញាតឲ្យយកគ្រោងឆ្អឹងនេះទៅដាក់តាំងពិព័រណ៍នៅវិទ្យាស្ថានស្រាវជ្រាវមួយកន្លែងព្រោះរបស់នេះមានលក្ខណៈសំខាន់ទាំងផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌។

 

 

លោកស្រីខាសាន់ដ្រា.ហាថុន (Cassandra Hatton) ជាអនុប្រធានផ្នែកវិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្រធម្មជាតិរបស់ក្រុមហ៊ុនសូតថឺប៊ីថ្លែងថានេះជាគ្រោងឆ្អឹងដាយណូសឺប្រភេទស៊ីរ៉ាតូសូរើស១នៅក្នុងចំណោម៤ដែលមាននៅលើភពផែនដី។ នៅក្នុងចំណោមទាំង៤នោះមានតែគ្រោងឆ្អឹងនេះ១ប៉ុណ្ណោះដែលមានវ័យជំទង់។ ក្រៅពីនោះសុទ្ធតែធំពេញវ័យអស់ហើយ៕

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025