ថ្ងៃសុក្រ ទី០១ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០១ ខែសីហា ឆ្នាំ២០២៥
កាលពីថ្ងៃទី១០ ខែកក្កដា កាបូបម៉ាកបឺឃីន (Birkin) លក់បាន៨,៦លានអឺរ៉ូ ឬស្មើនឹងជាងដប់លានដុល្លារអាមេរិកនៅក្នុងពិធីដាក់លក់ដេញថ្លៃកាលពីថ្ងៃទី១០ ខែកក្កដា។ ពិធីនេះរៀបចំដោយក្រុមហ៊ុនសូតថឺប៊ីដែលមានសាខាប្រចាំនៅទីក្រុងប៉ារីស។ សូតថឺប៊ីអះអាងថានេះជាតម្លៃដ៏ខ្ពស់មិនធ្លាប់មាននៅក្នុងវិស័យរបស់របរប្រើប្រាស់នៅទ្វីបអឺរ៉ុប។
នៅក្នុងពិធីដាក់លក់ដេញថ្លៃនោះ គេបាននិយាយថ្លៃចាប់ផ្ដើមដំបូងពី១លានអឺរ៉ូឡើងទៅ។ វិធីដេញថ្លៃធ្វើឡើងតាមទូរស័ព្ទ និងតាមអនឡាញ។ មិនយូរប៉ុន្មាន តម្លៃក៏ចេះតែឡើងខ្ពស់ទៅៗជាលំដាប់។ អតិថិជនដែលអាចដេញថ្លៃយកកាបូបនេះបានសម្រេចជាអ្នកតំណាងដែលចូលរួមដេញថ្លៃនៅនឹងកន្លែងតែម្ដង។ គាត់ជាអ្នកប្រមូលទិញរបស់របរនានាជនជាតិជប៉ុន។ នេះបើតាមការបង្ហើបឲ្យដឹងពីក្រុមហ៊ុនសូតថឺប៊ី។
លោកដានីញែល.វេសុន (Daniel Wesson) បានធ្វើដំណើរតាំងពីទីក្រុងម៉ាយអាមីមកទីក្រុងប៉ារីសដើម្បីចូលរួមដេញថ្លៃប្រាប់ថាគាត់បម្រុងលុយ២,២លានដុល្លារដើម្បីទិញកាបូបនេះ។ គាត់ប្រាប់ថាគាត់ខកចិត្តដែលមិនអាចដេញថ្លៃយកកាបូបនេះបានត្រឡប់ទៅសហរដ្ឋអាមេរិក។
កាបូបនេះត្រូវបានបង្កើតឡើងបន្ទាប់ពីតារាភាពយន្តកូនកាត់បារាំង-អង់គ្លេស លោកស្រីជេន.បឺឃីន (Jane Birkin) ជួបនាយកប្រតិបត្តិក្រុមអ៊ែកម៉ែស (Hermès) លោកហ្សង់ល្វីសឌុយម៉ាស់ (Jean-Louis Dumas) នៅពេលធ្វើដំណើរតាមយន្តហោះជាមួយគ្នាកាលពីឆ្នាំ១៩៨៤។
អ្នកស្រីប្រាប់លោកឌុយម៉ាស់ថាអ្នកស្រីចង់បានកាបូបដែលមានទំហំធំ និងដាក់ឥវ៉ាន់បានច្រើនជាងនេះនៅពេលធ្វើដំណើរជាមួយកូនស្រីតូចរបស់អ្នកស្រីឈ្មោះឆាឡូត (Charlotte)។
តបតាមសំណូមពរនេះ លោកឌុយម៉ាស់ក៏គូរព្រាងនូវរូបកាបូបរាងចតុកោណ និងមានកន្លែងសម្រាប់ដាក់ដបទឹកដោះគោកូនង៉ែត។ កន្លែងផលិតកាបូបស្បែកម៉ាកបឺឃីននេះពីដំបូងដៃជាកន្លែងផលិតកែបសម្រាប់ជិះសេះ។ ក្រោយមក គេក៏បានកែច្នៃទៅជាកន្លែងផលិតកាបូបស្បែកម៉ាកបឺឃីនរហូតមកដល់សព្វថ្ងៃ៕
ប្រែសម្រួល៖ អន សំអាង