ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥

Disney ទម្លាក់វីដេអូ Trailer ដំបូងសម្រាប់ភាពយន្ត 'Avatar: Fire and Ash'

២៩ កក្កដា ២០២៥ | កម្សាន្ដ


 

រយៈពេលជិត ៣ ឆ្នាំបន្ទាប់ពីចេញបញ្ចាំងវគ្គ២ នៅពេលនេះភាពយន្តសង្គ្រាមមនុស្សក្រៅភព “Avatar” ក៏បានចេញផ្សាយវីដេអូ Trailer វគ្គ៣ ដែលជាវគ្គចុងក្រោយ។ឈុតខ្លីៗ និងកម្រងរូបភាពផ្លូវការដំបូងសម្រាប់ខ្សែភាពយន្ត "Avatar" ទីបីរបស់ផលិតករ James Cameron ត្រូវបានចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ដោយក្រុមហ៊ុន Disney's 20th Century Studios ។

 


សម្រាប់វគ្គថ្មីមានចំណងជើងថា "Avatar: Fire and Ash" ឈុតខ្លីៗដំបូងបានបង្ហាញឱ្យឃើញពីពិភពនិម្មិត ដែនសមុទ្រ និងដែនអាកាសនៃភព Pandora ដែលបង្កើតឡើងតាមការស្រមៃរបស់ផលិតករភាពយន្តឈ្នះពានរង្វាន់អូស្ការ James Cameron។

 


ដំណើរផ្សងព្រេងត្រូវបានបន្តជាមួយរឿងរ៉ាវរបស់តួអង្គ Jake Sully ដែលបានប្រែក្លាយជាមេដឹកនាំជនជាតិ Na'vi និងសមាជិកគ្រួសារ Sully ទាំងមូលដែលត្រូវដោះស្រាយជាមួយបញ្ហាទុក្ខសោកក្នុងគ្រួសារ និងការគំរាមកំហែងថ្មីចំពោះទំនាក់ទំនងរបស់ពួកគេជាមួយនឹងពិភពលោក។ ក្រៅពីនេះ ឈុតខ្លីៗក៏មានការណែនាំអំពីជនជាតិ Ash ដែលជាកុលសម្ព័ន្ធរស់នៅតំបន់ភ្នំភ្លើងផងដែរ។

 


សហការនិពន្ធដោយ James Cameron, Rick Jaffa និង Amanda Silver វគ្គទីបីក្នុងសែស្រឡាយភាពយន្តបែប Fantasy ដ៏ល្បីនេះ ក៏មានការចូលរួមពីសំណាក់តារាសម្តែងល្បីៗនិងពោរពេញដោយសមត្ថភាពជាច្រើនរូបដូចជា Sigourney Weaver, Stephen Lang, Oona Chaplin, Cliff Curtis, Britain Dalton, Trinity Bliss, Jack Champion, Bailey Bass និង Kate Winslet ។

 


សូមរំឭកថា ភាពយន្ត “Avatar” វគ្គដំបូងបានចេញបញ្ចាំងក្នុងឆ្នាំ២០០៩ និងបានក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុតលេខ១ក្នុងប្រវត្តិសាស្ត្រជាមួយចំណូលសរុប ២៩២៣ លានដុល្លារពីជុំវិញពិភពលោក។

 

 

ចំណែកវគ្គ២ “Avatar: The Way of Water” បានចេញក្នុងឆ្នាំ២០២២ និងអាចរកចំណូលបានសរុប ២៣២០ លានដុល្លារ ក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុតលំដាប់ទី៣ក្នុងប្រវត្តិសាស្ត្រ។ដោយឡែកវគ្គបី "Avatar: Fire and Ash" នឹងចាក់បញ្ចាំងនៅរោងកុនចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025