ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យសំណើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន៧ ជាមួយទុនវិនិយោគ ៣៥០លានដុល្លារ

០១ សីហា ២០២៥ | សេដ្ឋកិច្ច

 

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣៥០លានដុល្លារអាមេរិក អាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង និងស្នើសុំចុះបញ្ជីវិនិយោគនៅខេត្តចំនួន៤ នៅកម្ពុជា។

 

 

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ លើកទី១១ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា គម្រោងវិនិយោគចំនួន ៧នេះ អាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង មានទុនវិនិយោគសរុបប្រមាណ ៣៥០លានដុល្លារអាម៉េរិក។

 


លើសពីនេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តថា គម្រោងវិនិយោគទាំង៧នេះ នឹងវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន ១គម្រោង (កែច្នៃជ័រកៅស៊ូ) វិស័យឧស្សាហកម្មចំនួន ៨គម្រោង (ផលិតសម្ភារៈកីទ្បានិងកាបូបដាក់សម្ភារៈកីទ្បា ផលិតតុក្កតាគ្រប់ប្រភេទ ផលិតស៊ីម៉ងត៍ ផលិតគ្រឿងអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងផ្ទះ អាជីវកម្មថ្មអារ និងផលិតបរិក្ខារអគ្គិសនីបំភ្លឺ អំពូលលម្អនិងគ្រឿងបន្ទាប់បន្សំ) ខណៈគម្រោងវិនិយោគទាំង៧ ដែលអង្គប្រជុំបានពិនិត្យពិភាក្សាខាងលើនេះ នឹងបោះទីតាំងនៅខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ។

 


ជាមួយគ្នានេះ បើតាម CDC រយៈពេល៦ខែ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៧៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១៦គម្រោង និងគម្រោងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៥៧គម្រោង។ 

 


លើសពីនេះ ការអនុម័តគម្រោងវិនិយោគ ក្នុងរយៈពេល៦ខែនេះ មានការកើនឡើងចំនួន ១៨៣គម្រោង ខណៈទុនវិនិយោគ កើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ៧៧% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។

 


គួរជម្រាបជូនថា បើតាម CDC បានបង្ហាញថា គម្រោងវិនិយោគដែលលេចធ្លោជាងគេ ក្នុងឆមាសទី១ ឆ្នាំ២០២៥ រួមមានគម្រោងវិនិយោគសាងសង់វារីអគ្គិសនី អានុភាព ១៥០មេហ្គាវ៉ាត់ នៅខេត្តកោះកុង និងខេត្តពោធិ៍សាត់ ដែលមានទុនវិនិយោគ ៤៤២លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២២០កន្លែង។ គម្រោង វិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យចំនួន ៤គម្រោង មាននៅខេត្តកំពង់ឆ្នាំង បាត់ដំបង និងពោធិ៍សាត់ គម្រោងនេះ មានទុនវិនិយោគប្រមាណ ៣០៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ១៣៥កន្លែង៕ 
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ
 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025