ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

ឆមាសទី១ ឆ្នាំ២០២៥ វិស័យធានារ៉ាប់រងនៅកម្ពុជាមានកំណើនប្រមាណ ៥%

២៨ កក្កដា ២០២៥ | សេដ្ឋកិច្ច

 

អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានឲ្យដឹងថា វិស័យធានារ៉ាប់រងកម្ពុជា នៅតែមានកំណើនវិជ្ជមាន ទោះបីពិភពលោកកំពុងជួបវិបតិ្តសកលក៏ដោយ ខណៈបុព្វលាភធានារ៉ាប់រងសរុប បន្តកើនឡើង ៦% ពីជាង ៩៦ដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២៤ ដល់ជាង ១០២ដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២៥។

និយ័តករធានារ៉ាប់រងកម្ពុជា និងតំណាងក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដានេះ បានបើកវេទិការួមគ្នា ដើម្បីពិនិត្យនិងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយរួម សំដៅជំរុញទីផ្សារធានារ៉ាប់រងនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ក្នុងនោះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា  វិស័យធានារ៉ាប់រងនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់បើទោះបីជួបប្រទះនូវវិបត្តិនានាលើពិភពលោកក្តី ដោយរក្សាបាននូវកំណើនជាវិជ្ជមាន ក្នុងនោះ កាលពីឆ្នាំ២០២៤ មានកំណើនជាង ៤% ខណៈនៅឆមាសទី១ ឆ្នាំ២០២៥នេះ មានកំណើនប្រមាណ ៥% ផងដែរ។

 

 

ក្នុងឳកាសនោះ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានបន្តថា វេទិកានេះ គឺជាយន្តការនៃភាពជាដៃគូរវាងរដ្ឋ និងឯកជនដែលត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យធានារ៉ាប់រងកម្ពុជា ក្នុងគោលដៅធានាប្រសិទ្ធភាពនៃការធ្វើនិយ័តកម្ម និងជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាព និងបរិយាបន្ន។

 


លើសពីនេះ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ក៏បានជំរុញឲ្យក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ពន្លឿន និងសម្រួលនីតិវិធីនៃការផ្តល់សំណងជូនអតិថិជន ដើម្បីធានានូវប្រសិទ្ធភាពនៃការផ្តល់សេវា និងពង្រឹងទំនុកចិត្តរបស់សាធារណជនលើវិស័យធានារ៉ាប់រង។

 


ទន្ទឹមនឹងនេះ វេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង បានឯកភាពគ្នាលើបញ្ហាសំខាន់ៗចំនួន ៤ គឺ ១. ពង្រឹងការអនុវត្តបទប្បញ្ញត្តិទាក់ទងនឹងការលក់ផលិតផលធានារ៉ាប់រង និងការ ប្រើប្រាស់សេវាគណនាបុព្វលាភធានារ៉ាប់រង ក៏ដូចជាការធានាកម្រិតសាធនភាព របស់ក្រុមហ៊ុនធានារ៉ាប់រង។ ២. សិក្សារៀបចំក្របខណ្ឌយុទ្ធសាស្ត្រសម្រាប់ធ្វើពិពិធកម្មការវិនិយោគមូលនិធិធានា- រ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រង ទាំងក្នុងនិងក្រៅប្រទេស។ ៣. សិក្សារៀបចំក្របខណ្ឌរបបលើកទឹកចិត្តពន្ធដារសម្រាប់វិស័យធានារ៉ាប់រង។ និង៤. ពង្រឹងគុណភាពវិជ្ជាជីវៈធានារ៉ាប់រង និងសម្រួលដល់នីតិវិធីនៃការចុះបញ្ជីភ្នាក់ងារ ធានារ៉ាប់រងជារូបវន្តបុគ្គលដោយអនុញ្ញាតឱ្យប្រើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជំនួស សៀវភៅស្នាក់នៅ។

 


បន្ថែមពីលើនេះ ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងពីប្រមាណ ២៩៩លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដល់ប្រមាណ ៣៥៧លានដុល្លារអាមេរិកនៃបុព្វលាភធានារ៉ាប់រងដុលក្នុងឆ្នាំ២០២៤ ជាមួយនឹងទ្រព្យសកម្មសរុបប្រមាណជាង ១ប៊ីលានដុល្លារអាមេរិក និងមូលនិធិភាគហ៊ុនិកសរុបប្រមាណជាង ៤៤៩ លានដុល្លារអាមេរិក។ 

 


គួរជម្រាបថា ក្នុងឆ្នាំ២០២៤ បន្ទុកហិរញ្ញវត្ថុប្រមាណជាង ៨០ប៊ីលានដុល្លារអាមេរិក ត្រូវបានការពារដោយកិច្ចសន្យាធានា- រ៉ាប់រង ដែលក្នុងនោះ សំណងធានារ៉ាប់រងប្រមាណជាង ១០៤ លានដុល្លារអាមេរិក ត្រូវបានផ្តល់ជូនអ្នកត្រូវបានធានា និងអ្នកទទួលផល។ ម៉្យាងទៀត ទីផ្សារធានារ៉ាប់រងកម្ពុជា បានរួមចំណែកក្នុងសេដ្ឋកិច្ចក្នុងអត្រាប្រមាណ ១,១៣% និងដង់ស៊ីតេធានារ៉ាប់រង ២០,៦៥ ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់៕

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025