ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ក្រសួងទេសចរណ៍ បង្ហាញថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៥នេះ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា កើនឡើង ៦% ដល់ ៣លាន ៣សែននាក់។
បើយោងតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ ក្រសួងទេសចរណ៍ ចេញផ្សាយសម្រាប់ខែមិថុនា ឆ្នាំ ២០២៥នេះ បានបង្ហាញថា ក្នុងឆមាសទី ១ កន្លងទៅនេះ ចំនួនភ្ញៀវទេសចរណ៍បរទេសមានជាង ៣លាន ៣សែននាក់ បានមកកម្សាន្តនៅកម្ពុជា ដែលតួលេខនេះ កើនឡើងរង្វង់ ៦% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ ២០២៤កន្លងទៅ។
ទន្ទឹមគ្នានេះ ភ្ញៀវទេសចរមកពីប្រទេសវៀតណាម មាន ៦១ម៉ឺននាក់, ភ្ញៀវចិន មាន ៥៨ម៉ឺននាក់ និងភ្ញៀវឡាវមានជាង ១សែននាក់។ជាមួយគ្នានេះ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១លាន ៤សែននាក់ បានមកដល់ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិទំាង ៣ ដែលកើនឡើង ២៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែក ភ្ញៀវទេសចរកម្ពុជា ចេញទៅកម្សាន្តនៅក្រៅប្រទេសមានប្រមាណ ៨២ម៉ឺននាក់ ធ្លាក់ចុះ ៨%។កាលពីខែមីនា ឆ្នាំ ២០២៥ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ ២០២៥នេះ កម្ពុជា រំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧,២លាន ទៅ ៧,៥លាននាក់។
សូមរម្លឹកផងដែរថា វិស័យទេសចរណ៍កម្ពុជា ក្នុងឆ្នាំ ២០២៤កន្លងទៅ មានភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅកម្ពុជា កើនឡើងជាងដល់ ៦លាន ៧សែននាក់ កើន ២២% ធៀបនឹងឆ្នាំ ២០២៣ និងរកចំណូលបានជាង ៣ពាន់ ៦រយលានដុល្លារអាម៉េរិក កើនឡើង ១៧%៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ