ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

វៀតណាម នាំចេញដែកជាង ៥,៦លានតោន ក្នុងឆមាសទី ១ ឆ្នាំ ២០២៥

០១ សីហា ២០២៥ | សេដ្ឋកិច្ច

 

សម្រាប់ឆមាសទី ១ ឆ្នាំនេះ ប្រទេសវៀតណាម សម្រេចការនាំចេញដែកសរុប ៥លាន ៦សែនតោន និងរកចំណូលបានប្រមាណ ៣ពាន់ ៧រយលានដុល្លារអាម៉េរិក ធ្លាក់ចុះ ១៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

ឧស្សាហកម្មដែករបស់វៀតណាម បានជួបប្រទះនឹងភាពប្រែប្រួលគួរឱ្យកត់សម្គាល់ ក្នុងឆមាសទី ១ ឆ្នាំ ២០២៥ ដោយជួបបញ្ហាប្រឈមពីខាងក្រៅជាបន្តបន្ទាប់ រួមទាំងរបាំងពន្ធគយ វិធានការការពារពាណិជ្ជកម្ម ភាពតានតឹងភូមិសាស្ត្រនយោបាយ និងគោលនយោបាយថ្មីដែលដាក់ដោយប្រទេសនាំចូល។

 


សមាគមដែកថែបវៀតណាម បានបង្ហាញថា ទិន្នផលដែកថែប ឈានដល់ ១៥លាន ៦សែនតោន ក្នុងអំឡុងពេល ៦ខែដំបូង កើនឡើង ៩% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

 


ចំពោះការប្រើប្រាស់ក្នុងស្រុក បានកើនឡើង ១០% ដល់ ១៥លាន ៧សែនតោន ដែលជាសញ្ញានៃការងើបឡើងវិញយ៉ាងច្បាស់ នៅក្នុងទីផ្សារក្នុងស្រុក។ក្នុងខែមិថុនា វៀតណាម បាននាំចេញផលិតផលដែកចំនួន ៩សែនតោន ដែលមានតម្លៃនាំចេញ ៦១១លានដុល្លារអាមេរិក ដែលកើនឡើងបន្តិច បើធៀបនឹងខែមុន។

 


ទោះជាយ៉ាងណាក៏ដោយ សម្រាប់ឆមាសទី ១ បរិមាណនាំចេញដែកសរុប បានឈានដល់ត្រឹមតែ ៥លាន ៦សែនតោនប៉ុណ្ណោះ ដែលបង្កើតបានតម្លៃនាំចេញចំនួន ៣ពាន់ ៧រយលានដុល្លារអាម៉េរិក បើគិតជាបរិមាណ ធ្លាក់ចុះ ១៣% និងតម្លៃសរុបធ្លាក់ចុះ ២២% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៤ ហើយមូលហេតុចម្បងគឺ ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃដែកសកល ដែលទាញតម្លៃនាំចេញធ្លាក់ចុះខ្លាំងជាងទិន្នផល។

 


ជាចុងក្រោយ នៅក្នុងឆមាសទី ២ ខាងមុខនេះ អ្នកប្រកបរបរនៅក្នុងឧស្សាហកម្មមួយនេះ កំពុងដាក់ក្តីសង្ឃឹមរបស់ពួកគេនៅលើទីផ្សារក្នុងស្រុក ជាមួយនឹងការរំពឹងទុកនៃ ការងើបឡើងវិញបន្ថែមទៀតនៃតម្រូវការ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025