ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

ការទម្លាក់ពន្ធរបស់អាមេរិកដល់កម្ពុជា នឹងជំរុញការទាក់ទាញវិនិយោគិនមកកម្ពុជាកាន់តែច្រើន

០២ សីហា ២០២៥ | សេដ្ឋកិច្ច

 

អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានទម្លាក់ពន្ធលើទំនិញកម្ពុជាមកត្រឹម១៩% ខណៈកម្ពុជាយកពន្ធអាមេរិកសូន្យភាគរយ។ អត្រាពន្ធបដិការរបស់រដ្ឋាភិបាលអាមេរិកពី ៤៩% មកនៅ ៣៦% និងចុងក្រោយមកនៅត្រឹមអត្រា ១៩% នឹងនាំមកនូវផលវិជ្ជមានជាច្រើនសម្រាប់សេដ្ឋកិច្ច និងសង្គមកម្ពុជាទាំងមូល តាមរយៈការបង្កើនភាពទាក់ទាញដល់អ្នកវិនិយោគ ឱ្យចូលមកបណ្តាក់ទុកផ្ទាល់នៅកម្ពុជា បើករោងចក្រ/សហគ្រាស ទាក់ទាញអ្នកបញ្ជាទិញទំនិញកម្ពុជា ព្រមទាំងជួយបង្កើតឱកាសការងារនៅកម្ពុជាឱ្យមានកាន់តែច្រើនបន្ថែមទៀត ពិសេសសម្រាប់ប្រជាជនកម្ពុជា ដែលត្រឡប់ពីធ្វើការងារនៅប្រទេសថៃ។


Story: ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អ ដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី ៣៦% មកនៅ ១៩%ប៉ុណ្ណោះ ខណៈអត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន។


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ បានសម្រេចយកពន្ធកម្ពុជាត្រឹមតែ ១៩% បន្ទាប់ពីការជួបចរចាជាមួយភាគីអាមេរិកជាច្រើនលើក។ ជុំវិញបញ្ហានេះ នៅក្នុងសន្និសីទសារព័ត៌មាន ជាដំណឹងដ៏ល្អរបស់កម្ពុជានៅថ្ងៃនេះ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងឲ្យដឹងថា ប្រធានាធិបតីអាមេរិក បានសម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជាមកនៅត្រឹម១៩% ខណៈកម្ពុជាយកពន្ធអាមេរិកសូន្យភាគរយ ពោលគឺគ្រប់ទំនិញសហរដ្ឋអាមេរិកនាំចូលមកកម្ពុជាទាំងអស់ មិនត្រូវបានគិតពន្ធនោះទេ។ លើសពីនេះ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងការពេញចិត្តចំពោះការបញ្ចុះពន្ធបដិការពី ៤៩% មក ១៩% ដែលលទ្ធផលល្អនេះ គឺដោយការខិតខំប្រឹងប្រែងរបស់ មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចបានពិភាក្សាគ្នា ជាមួយប្រធានាធិបតីអាមេរិក និងដោយសារការប្រឹងប្រែងរបស់ក្រុមការងារកម្ពុជា ចរចាជាមួយសហរដ្ឋអាមេរិកដោយភាពស្មោះត្រង់។

 

 

បើក្រឡេកទៅមើល ពីទំហំអត្រានៃការបញ្ចុះមាន ៣០ពិន្ទុ គឺ៤៩% មក១៩% តែបើនិយាយជាភាគរយ គឺចុះ ៦២% ពោលគឺកម្ពុជាទទួលបានការបញ្ចុះច្រើនជាងគេនៅទូទាំងពិភពលោក។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការយកអត្រាពន្ធនាំចេញទំនិញកម្ពុជាទៅសហរដ្ឋអាមេរិកចំនួន១៩% នឹងធ្វើឲ្យកម្ពុជាអាចប្រកួតប្រជែង ជាមួយប្រទេសជិតខាង និងក្នុងតំបន់បានទាំងអស់។

 

 

អត្រាពន្ធ ១៩%នេះ កម្ពុជា នឹងអាចថែរក្សារោងចក្រនៅកម្ពុជា ហើយនឹងពង្រីករោងចក្រដែលមានស្រាប់ ឲ្យមានការរីកចម្រើនបន្ថែមទៀត ព្រមទាំងទាក់ទាញអ្នកវិនិយោកមកបណ្ដាក់ទុនវិនិយោគ ដើម្បីផលប្រយោជនរបស់ជាតិ លើការបង្កើតការងារជូនប្រជាពលរដ្ឋ។ ភាពប្រកួតប្រជែងទំនិញជាមួយប្រទេសជិតខាង ក្នុងអត្រាពន្ធ១៩% នេះទៀតសោត កម្ពុជាអាចប្រកួតប្រជែងបាន ថែមទាំងអាចប្រកួតឈ្នះថែមទៀតផង។ បើទោះបីជាអត្រាពន្ធស្មើគ្នាក៏ដោយ ក៏ប៉ុន្តែតម្លៃកម្លាំងពលកម្មមិនដូចគ្នានោះទេ ព្រោះកម្ពុជាមានកម្លាំងពលកម្មច្រើន ហើយថ្លៃឈ្នួលសមរម្យ បើធៀបនឹងប្រទេសជិតខាង។ អ្វីដែលពិសេសទៀតនោះ ភូមិសាស្រ្តរបស់កម្ពុជា គឺមានភាពអំណោយផលណាស់ ត្បិតថាកម្ពុជាស្ថិតនៅចំណុចកណ្ដាលនៃតំបន់មេគង្គ។ បន្ថែមពីលើនេះ ច្បាប់វិនិយោគរបស់កម្ពុជា គឺមានការលើកទឹកចិត្តដល់វិនិយោគិនមិនថាបរទេស ឬវិនិយោគិនក្នុងស្រុក ដោយមិនមានការរើសអើងនោះទេ។

 


ទៀតសោត ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបន្តថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងចំនួន ៤២៦គម្រោង ដែលកម្ពុជាបានអនុម័តនេះ គឺអាចបង្កើតការងាជាង ៣០ម៉ឺនកន្លែង ក្នុងនោះ ប្រមាណ៩០% គឺលើវិស័យឧស្សាហកម្មភាគច្រើន។ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានការជឿជាក់ថា កម្ពុជានឹងអាចទទួលបានការស្នើសុំដាក់ទុននៅកម្ពុជាលើសពី ៥០០គម្រោង ព្រោះថា ចំពោះពន្ធ ១៩%នេះ គឺកម្ពុជាមានសង្ឃឹមច្រើនណាស់ ដូច្នេះ កម្ពុជានឹងអាចបង្កើតការងារលើសពី ៣០ម៉ឺនកន្លែង ក្នុងមួយឆ្នាំៗ ជូនដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងតែស្វែងរកការងារ ឬពលករខ្មែរត្រឡប់ពីថៃមកប្រទេសកម្ពុជាវិញ។ ផ្ទុយទៅវិញ ការទៅធ្វើការនៅប្រទេសក្រៅ មិនបានជួយដល់សេដ្ឋកិច្ចជាតិឡើយ ដូច្នេះ បើធ្វើការនៅប្រទេសកម្ពុជា ធ្វើការងារដើម្បីបំរើសេដ្ឋកិច្ចជាតិកម្ពុជា ប្រទេសជាតិមានការរីកចម្រើន ថែមទាំងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ។

 

 

ជាមួយគ្នានេះ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា រដ្ឋាភិបាលកម្ពុជាខិតខំបន្ថែមទៀត ក្នុងការចរចាជាមួយសហរដ្ឋអាមេរិកឱ្យទម្លាក់ពន្ធឱ្យទាបជាង១៩% លើមុខទំនិញអាទិភាពមួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ ដោយសារទំនិញប្រភេទនេះ មិនមានផលិតនៅសហរដ្ឋអាមេរិកនោះឡើយ។ ហើយការខំចរចាបន្ថែមនេះ គឺដើម្បីគិតគូរដល់ការបង្កើតការងារបន្ថែមឱ្យបាន ១លាននាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋធ្វើ ជាពិសេសស្រ្តី ដែលពួកគេម្នាក់ៗ ជួយគ្រួសាររបស់គាត់ ៤ទៅ៥នាក់បន្ថែមទៀត។

 


ទន្ទឹមគ្នានេះ រដ្ឋាភិបាល និងផ្នែកឯកជននៅកម្ពុជា បានបង្ហាញការសាទរ និងមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ល្អដែលកើតចេញពីកិច្ចខិតខំរបស់ក្រុមការងារកម្ពុជា ក្នុងការចរចាជាមួយរដ្ឋាភិបាលអាមេរិកជាបន្តបន្ទាប់ រហូតទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក។ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងព្យាយាមរិះរកនិតិវិធីកាត់បន្ថយថ្លៃដើមផលិត ដូចជា តម្លៃដឹកជញ្ជូន និងតម្លៃឯកសារ គឺត្រូវកាត់បន្ថយឱ្យទាបបំផុត ដើម្បីកម្ពុជាមានលទ្ធភាពប្រកួតប្រជែង បានល្អជាងនេះទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ។

 


រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីស្ដាប់ពីបញ្ហាដែលវិស័យឯកជនជួបប្រទះ និងខិតខំរកដំណោះស្រាយជូនពួកគាត់ តាមរយៈក្រុមការងារ១៦ វេទិការាជរដ្ឋាភិបាលនិងវិស័យឯកជន វេទិកាកម្ពុជា/ជប៉ុន (រៀងរាល់ ៦ខែម្ដង) វេទិកាកម្ពុជា/សហរដ្ឋអាមេរិក វេទិការាជរដ្ឋាភិបាល វិស័យឯកជន និងសហភាពអឺរ៉ុប វេទិកាកម្ពុជា/កូរ៉េ និងបន្តរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងតំបន់សេដ្ឋកិច្ចពិសេសទាំង៣២ ដើម្បីស្ដាប់ពីបញ្ហារបស់ពួកគាត់ និងដោះស្រាយបញ្ហានានា ក្នុងទិសដៅបង្កើនការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋកម្ពុជា។
គួរជម្រាបថា ទិន្នន័យផ្លូវការពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា នៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២៥នេះ សហរដ្ឋអាមេរិក និងកម្ពុជា សម្រេចទំហំពាណិជ្ជកម្មទ្វេភាគីដល់ជិត ៥ពាន់ ៧រយលានដុល្លារអាមេរិក កើនឡើង ២៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយអាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេបង្អស់របស់កម្ពុជា ដែលមានទំហំដល់ទៅ ៥ពាន់ ៥រយលានដុល្លារអាមេរិក អំឡុងពេល ៦ខែនេះ៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ហ៊ុន សុជាតា+ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025