ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

តម្លៃប្រេងឆៅសកលកើនឡើង បន្ទាប់ពីអាមេរិក និងសហភាពអឺរ៉ុបសម្រេចលើការចរចាពន្ធ

២៨ កក្កដា ២០២៥ | សេដ្ឋកិច្ច

 

នៅសប្តាហ៍ទី ៤ ខែកក្កដានេះ តម្លៃប្រេងឆៅសកល បានកើនឡើងបន្តិច បន្ទាប់ពី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ឈានដល់ការសម្រេចលើ កិច្ចព្រមព្រៀងពន្ធគយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

នៅលើទីផ្សារប្រេងសកល ក្នុងសប្តាហ៍ទី ៤ ខែកក្កដានេះ តម្លៃប្រេងឆៅ Brent របស់អង់គ្លេស ស្ថិតនៅរង្វង់ ៦៨ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីកើនឡើង ០,៣% ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក ស្ថិតនៅចន្លោះ ៦៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលមានការកើនឡើងប្រមាណ ០,៣%។

 


តម្លៃប្រេង បានកើនឡើងបន្តិច បន្ទាប់ពីសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ហើយអាចបន្តការផ្អាកពន្ធគយជាមួយប្រទេសចិន ដោយកត្តានេះ បានកាត់បន្ថយការព្រួយបារម្ភអំពី ការយកពន្ធខ្ពស់ដែលអាចប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងប៉ះពាល់ដល់តម្រូវការប្រេងឥន្ធនៈ។

 


អ្នកវិភាគទីផ្សារ IG បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងគាំទ្រដល់ទីផ្សារហិរញ្ញវត្ថុពិភពលោក និងតម្លៃប្រេង។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ កាលពីថ្ងៃអាទិត្យ ដែលអាមេរិក នឹងដាក់ពន្ធនាំចូល ១៥% លើទំនិញភាគច្រើនរបស់សហភាពអឺរ៉ុប។

 


កិច្ចព្រមព្រៀងនេះ បានបញ្ចៀសសង្គ្រាមពាណិជ្ជកម្មកាន់តែធំរវាង សម្ព័ន្ធមិត្តទាំង ២ ដែលមានចំនួនជិត ១ភាគ ៣ នៃពាណិជ្ជកម្មពិភពលោក និងអាចកាត់បន្ថយតម្រូវការប្រេងឥន្ធនៈ។សូមជម្រាបថា អ្នកជំនាញកំពុងត្រួតពិនិត្យស្ថានភាពទីផ្សារ ដែលអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត គ្រោងនឹងបើកកិច្ចប្រជុំក្នុងសប្តាហ៍នេះ ហើយអាចនឹងបង្កើនទិន្នផលប្រេងឱ្យបាន ៥៥ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែសីហា ខាងមុខ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025