ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ក្រុមចម្រៀងបុរសខេប៉ុប SEVENTEEN បានប្រកាសកាលបរិច្ឆេទសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកថ្មីរបស់ពួកគេ ក្រោយសមាជិក ៤ នាក់ចូលបំពេញកាតព្វកិច្ចយោធា។
ក្រុមចម្រៀង K-pop SEVENTEEN បានប្រកាសកាលបរិច្ឆេទសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេនៅសហរដ្ឋអាមេរិក មានឈ្មោះថា “NEW_” ។
ការប្រកាសនេះត្រូវបានធ្វើឡើងរយៈពេលជាង ២ខែបន្ទាប់ពីអាល់ប៊ុមពេញទីប្រាំរបស់ពួកគេមានចំណងជើងថា “HAPPY BURSTDAY” បានចេញកាលពីថ្ងៃទី២៦ ខែឧសភា ដើម្បីជាការអបអរខួបគម្រប់ ១០ឆ្នាំនៃការបង្ហាញខ្លួនរបស់ក្រុម។
ដំណើរប្រគំតន្ត្រីទេសចរណ៍ “NEW_” នឹងចាប់ផ្តើមឆាកដំបូងនៅថ្ងៃទី ១៣ ខែកញ្ញា ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ការសម្ដែងសហរដ្ឋអាមេរិកនឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែតុលា នៅក្នុងទីក្រុង Tacoma រដ្ឋវ៉ាស៊ីនតោន ហើយនឹងបន្តទៅរដ្ឋផ្សេងទៀតរួមមានកាលីហ្វ័រញ៉ា តិចសាស់ ផ្លរីដា និងវ៉ាស៊ីនតោនឌីស៊ី។ ក្រុមចម្រៀងដែលមានសមាជិក ១៣ នាក់មួយនេះក៏នឹងមានកាលវិភាគសម្ដែងចំនួន ១០ ឆាកនៅប្រទេសជប៉ុនផងដែរ ខណៈកាលបរិច្ឆេទនៅប្រទេសផ្សេងៗទៀតនឹងត្រូវប្រកាសនៅពេលក្រោយ។
យ៉ាងណាក៏ដោយ សមាជិក ៤ នាក់រួមមាន Jeonghan, Wonwoo, Hoshi និង Woozi នឹងមិនចូលរួមក្នុងដំណើរប្រគំតន្ត្រីទេសចរណ៍នេះទេ ដោយសារកំពុងជាប់បំពេញកាតព្វកិច្ចយោធា ។
ក្រុមចម្រៀង SEVENTEEN ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ខណៈបច្ចុប្បន្នបានក្លាយជាក្រុម K-pop ដ៏ល្បីបំផុតមួយនៅក្នុងពិភពលោក។ អាល់ប៊ុម "FML" របស់ពួកគេត្រូវបានក្លាយជាអាល់ប៊ុមលក់ដាច់បំផុតទូទាំងពិភពលោកក្នុងឆ្នាំ ២០២៣ ហើយនៅឆ្នាំ២០២៤ អាល់ប៊ុមរបស់ពួកគេបានជាប់ចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីអាល់ប៊ុមរបស់ Taylor Swift និង Drake។
នៅឆ្នាំ២០២៤ ពួកគេបានទទួលពានរង្វាន់ក្រុមចម្រៀងឆ្នើមពីកម្មវិធីពានរង្វាន់អាមេរិក VMA និងពានរង្វាន់ការប្រគំតន្ត្រីទេសចរណ៍ខេប៉ុបល្អបំផុត ពីកម្មវិធី Billboard Music Awards ផងដែរ ៕
ប្រែសម្រួល៖ វ៉ាន់ថន