ថ្ងៃច័ន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥
រ៉ូបូតរបស់អង់គ្លេសឈ្មោះអាយដា (Ai-Da) (ដែលគេផលិតមានរូបរាងដូចមនុស្ស) ទើបតែបង្ហាញស្នាដៃរបស់ខ្លួនចុងក្រោយ។ នោះគឺរូបគំនូរព្រះមហាក្សត្រឆាល (Charles) របស់អង់គ្លេស។ ស្នាដៃសិល្បៈនេះត្រូវគេឲ្យឈ្មោះថាអាល់ហ្គោរីត.ឃីង (Algorithm King)។
ការសម្រេចបានស្នាដៃសិល្បៈលើកនេះកើតឡើងបន្ទាប់ពីរ៉ូបូតអាយដាធ្លាប់បានបង្កើតស្នាដៃ១ទៀតឈ្មោះអាល់ហ្គោរីត.គ្វីន (Algorithm Queen) ដែលជារូបព្រះមាតារបស់ព្រះមហាក្សត្រឆាល ហើយដែលបានសោយទិវង្គតកាលពីឆ្នាំ២០២២។
អាល់ហ្គោរីតឃីងត្រូវបានដាក់បង្ហាញជូនសាធារណជនទស្សនាកាលពីថ្ងៃទី១០ ខែកក្កដានៅឯស្ថានបេសកកម្មរបស់អង់គ្លេសប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងសាខារបស់អង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ។ រូបគំនូរនេះបង្កើតឡើងដោយកម្មវិធីអាល់ហ្គោរីតដែលបំពាក់នៅក្នុងប្រព័ន្ធរ៉ូបូតរបស់អាយដា។
នៅក្នុងការគូររូបនេះ ដៃរ៉ូបូតរបស់អាយដាកាន់ជក់មានប្រេង. ចំណែកនៅក្នុងកែវភ្នែករបស់រ៉ូបូតនេះបំពាក់កាមេរ៉ា។ រ៉ូបូតអាយដាបានឡើងថ្លែងនៅអង្គការសហប្រជាជាតិថាការបង្ហាញរូបគំនូរព្រះមហាក្សត្រឆាលទីបីមិនត្រឹមតែជាស្នាដៃច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញចលនាវិវត្តនៃតួនាទីរបស់អេអាយនៅក្នុងសង្គមមនុស្ស។
ម៉្យាងទៀត នេះក៏ជាការបង្ហាញឲ្យឃើញថាតើអេអាយចូលរួមចំណែកកម្រិតណានៅក្នុងវិស័យវប្បធម៌។ រ៉ូបូតអាយដាត្រូវគេដាក់ឈ្មោះតាមលោកស្រីអាដា.ឡូវេលេស(Ada Lovelace)ជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ ឬសូហ្វវែដំបូងបំផុតនៅលើពិភពលោក។ រ៉ូបូតនេះជាសមិទ្ធផលរបស់លោកអាយដាន.មេលឡឺ (Aidan Meller)។
លោកធ្លាប់និយាយថារ៉ូបូតដែលបំពាក់ប្រព័ន្ធអេអាយ១គ្រឿងនេះផលិតឡើងដើម្បីបញ្ជ្រាបគំនិតស្វែងយល់ថាមនុស្សយើងអាចប្រាស្រ័យទាក់ទងជាមួយបច្ចេកវិទ្យា និងអេអាយបានយ៉ាងដូចម្ដេចខ្លះ។ លោកចាត់ទុកថានេះជាដំណាក់កាលដ៏សំខាន់១៕
ប្រែសម្រួល៖ អន សំអាង