ថ្ងៃសុក្រ ទី០១ ខែសីហា ឆ្នាំ២០២៥

អនុព័ន្ធយោធា និងអង្គទូតបណ្ដាប្រទេសនានា សារព័ត៌មានជាតិឥអន្តរជាតិ  អង្កេតការអនុវត្តស្មារតីបទឈប់បាញ់រវាងកម្ពុជា-ថៃ

៣១ កក្កដា ២០២៥ | ព័ត៌មានជាតិ

 

 

នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ អនុព័ន្ធយោធា និងអង្គទូតបណ្ដាប្រទេសនានា សារព័ត៌មានជាតិ និង អន្តរជាតិ បានធ្វើដំណើរទៅដល់ព្រំដែន ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដើម្បីអង្កេតការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។

 


លោកជំទាវ អ្នកនាំពាក្យ បន្ថែមថា ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា លើការអនុវត្តបទឈប់បាញ់ នៅថ្ងៃទី៣០ ខែកក្កដានេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ក៏បានដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។

 

 

ក្នុងនោះ អនុព័ន្ធយោធាប្រទេសសមាជិកអាស៊ាន និង ១៣ផ្សេងទៀត បានគាំទ្រ និងទទួលស្គាល់សុឆន្ទៈរបស់កម្ពុជា។ 
ដាក់ខ្លីប៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ

 

 

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានលើកឡើងថា នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ក្រុមអង្កេតការណ៍ចំនួនពីរក្រុម ដែលបានបង្កើតឡើងដោយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានចាប់ផ្តើមបេសកកម្មអង្កេតការណ៍របស់ខ្លួន តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ផងដែរ។ 

 


គួរបញ្ជាក់ថា ក្រោយសម្រេចឲ្យមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានបញ្ជូនអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ម្សិលមិញ ដើម្បីសម្របសម្រួលការអនុវត្តបទឈប់បាញ់ និងវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ។ 

 


អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានធ្វើដំណើរទៅកាន់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ទាំងយប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២ របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤, ទី៥ របស់កម្ពុជាផងដែរ៕

 

 

អត្ថបទ និងរូបភាព៖ PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025