ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥
នៅលើបណ្តាញសង្គមហ្វេកបុក នៅថ្ងៃទី២៩ ខែកក្កដានេះ ឯឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាលើការអនុវត្តបទឈប់បាញ់។
ឯឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បន្តថា កងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់ ថ្ងៃទី២៨ កក្កដា រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពអត់ធ្មត់ ហើយឯកឧត្តម ក៏បានច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ។
ជាមួយគ្នានេះ ឯឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា នៅថ្ងៃនេះ ឯកឧត្តមក៏បានទំនាក់ទំនង តាមទូរសព្ទ ជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីថៃ ពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលបានកើតឡើង ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ ។ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ ក្រសួងការពារជាតិកម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំGBC ដែលមានការចូលរួមពីភាគីថៃ នៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា បទឈប់បាញ់ភ្លាមៗ ដោយគ្មានលក្ខខណ្ឌរវាងកម្ពុជា និងថៃ បានចូលជាធរមាន ចាប់តាំងពីពាក់កណ្តាលអធ្រាត្រយប់ ថ្ងៃទី២៨ កក្កដា ក្រោយជំនួបចរចា រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃនៅទីក្រុងកូឡាឡាំពួរ ក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយមានការសហការរៀបចំដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន ។
នៅក្នុងបទឈប់បាញ់នេះ គឺមានចង់នូវលក្ខខណ្ឌមួយចំនួនដើម្បីឲ្យកងទ័ពកម្ពុជា និងកងទ័ពថៃ អនុវត្តន៍ រួមមាន ទី១ ឈប់បាញ់គ្នា ,ទី២ មិនឲ្យមានការចល័តទ័ព ឬបន្ថែមទ័ព ,ទី៣ កងទ័ពទាំងពីរប្រទេសត្រូវរក្សាទីតាំងដដែល រាប់ពីម៉ោង១២យប់ ថ្ងៃទី២៨ កក្កដា និងទី៤ ត្រូវបង្កើតក្រុមការងារទំនាក់ទំនងដើម្បីធ្វើការជាមួយគ្នា។
ដោយឡែក ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ប្រទេសម៉ាឡេស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលរៀបចំ ក្រុមអ្នកអង្កេតការណ៍មួយ ដើម្បីពិនិត្យ និងធានាការអនុវត្តបទឈប់បាញ់នេះ និងពិគ្រោះជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីចូលរួមក្នុងកិច្ចអង្កេតការណ៍ ឃ្លាំមើលដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងតំបន់ ដើម្បីគាំទ្រសន្តិភាពពិតប្រាកដ៕
អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ Facebook និងឯកសារ