ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥
Thumbnail: ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ អបអរសាទរ និងឯកភាពឲ្យសហរដ្ឋអាមេរិក ចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃភ្លាមៗ ក្រោយកម្ពុជា-ថៃ ព្រមព្រៀងឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិក ឯកឧត្តម ដូណាល់ ត្រាំ បានចូលរួមអបអរសាទរនូវជោគជ័យនៃកិច្ចចរចាបញ្ចប់ការបាញ់គ្នារវាងកម្ពុជា-ថៃ។ អំណរសាទររបស់ប្រធានាធិបតីអាម៉េរិកដូច្នេះ ត្រូវបានធ្វើឡើង ក្នុងពេលឯកឧត្តម បានទូរសព្ទដោយផ្ទាល់ មកកាន់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្ទាប់ពីសម្តេច បានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
តាមបណ្តាញសង្គម កាលពីយប់ថ្ងៃទី២៨ ខែកក្កដា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចរចាការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដោយជោគជ័យ នៅប្រទេសម៉ាឡេស៊ី សម្តេចបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តម ទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចាបញ្ចប់ការឈប់បាញ់គ្នាភ្លាម រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា។ សម្តេច ហ៊ុន ម៉ាណែត បន្ថែមថា ឯកឧត្តម ដូណាល់ ត្រាំ បានចាត់ទុកកិច្ចការនេះ ជាកិច្ចការសំខាន់ ហើយដែលឯកឧត្តម តាមដានដោយផ្ទាល់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមថា សម្តេចបានសម្ដែងការអរគុណសាជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើម និងជំរុញឲ្យមានការចរចាការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិក ធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៨ ខែកក្កដាម្សិលមិញនេះ។ សម្តេចបន្តថា ឯកឧត្តម ដូណាល់ ត្រាំ យល់ថា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះ អាចអនុវត្តទៅដោយពេញលេញ និងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាន និងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធ ឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយ នៅក្នុងកិច្ចប្រជុំពិសេសផងដែរ។ ក្នុងន័យនេះ សម្តេច ហ៊ុន ម៉ាណែត បន្ថែមថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានឯកភាពឲ្យសហរដ្ឋអាមេរិក ចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការ ដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។
សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថា កិច្ចការងារនេះ ជាកិច្ចការពិសេសសំខាន់ ដែលឯកឧត្តម ចង់ឃើញនូវសន្តិភាពមួយ ដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ»។ជាការកត់សម្គាល់ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏បានប្រកាសតាមបណ្តាញសង្គមថា «ខ្ញុំទើបតែជជែកជាមួយនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសថា បន្ទាប់ពីមានការចូលរួមខ្ញុំ ប្រទេសទាំងពីរ បានឈានដល់បទឈប់បាញ់ និងសន្តិភាព។ សូមចូលរួមអបអរសាទរទាំងអស់គ្នា! ដោយការបញ្ចប់សង្រ្គាមនេះ យើងបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ខ្ញុំបានណែនាំក្រុមពាណិជ្ជកម្មរបស់ខ្ញុំ ឱ្យចាប់ផ្តើមការចរចាលើពាណិជ្ជកម្មឡើងវិញ។ ឥឡូវនេះ ខ្ញុំបានបញ្ចប់សង្គ្រាមជាច្រើន ក្នុងរយៈពេលត្រឹមតែប្រាំមួយខែ។ ខ្ញុំមានមោទនភាព ដែលបានក្លាយជាប្រធានសន្តិភាព!»៕
អត្ថបទ និងរូបភាព៖ PNN