ថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥

មេទ័ពកម្ពុជា-ថៃ ជួបចរចា និងយល់ព្រមគោរពបទឈប់បាញ់ មិនបង្កើនកងកម្លាំងទ័ព ហើយភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក 

៣០ កក្កដា ២០២៥ | ព័ត៌មានជាតិ

មេទ័ពកម្ពុជា-ថៃ ជួបចរចា និងយល់ព្រមគោរពបទឈប់បាញ់ មិនបង្កើនកងកម្លាំងទ័ព ហើយភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ក្រោយពេលកម្ពុជា-ថៃ ព្រមព្រៀងឈប់បាញ់ ចាប់ពីម៉ោង ១២រំលងអាធ្រាត្រ ថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥ រួចមក មេបញ្ជាការកងទ័ពកម្ពុជា-ថៃ បានជួបប្រជុំគ្នា នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ។ ក្នុងនោះ មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជា ជួបមេបញ្ជាការយោធភូមិភាគទី១របស់ថៃ នៅចំណុចក្បាលស្ពាន ព្រំដែនប៉ោយប៉ែត។ រីឯមេបញ្ជាការយោធភូមិភាគទី៣ របស់កម្ពុជា ជួបមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ នៅច្រកព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។

 


អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលនៃជំនួបរវាងមេបញ្ជាការកងទ័ពកម្ពុជា-ថៃ នៅយោធភូមិភាគតាមព្រំដែន។ តាមលោកជំទាវ អ្នកនាំពាក្យ មេបញ្ជាការកងទ័ពកម្ពុជា-ថៃ បានព្រមព្រៀងគ្នាគោរពបទឈប់បាញ់ ឈប់បង្កើនទ័ព ចៀសវាងប្រឈមមុខគ្នា-បង្កើនភាពតានតឹង ភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ប្រសិនមានបញ្ហាអ្វីផ្សេងក្រៅពីនេះ ត្រូវសុំយោបល់ថ្នាក់លើ។

 


ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា ក៏បានប្រកាស ច្រានចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលបានលើកឡើងថា មានការប្រយុទ្ធគ្នា កើតឡើង នៅព្រំដែន ហើយថា កងទ័ពកម្ពុជា ជាអ្នកបាញ់លើកងទ័ពថៃ។  

 


តាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កងកម្លាំងប្រដាប់អាវុធកម្ពុជា បានអនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ចាប់តាំងពីម៉ោង ១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក៏មានកិច្ចប្រជុំរវាងមេបញ្ជាការកងទ័ព តាមយោធភូមិភាគនៃប្រទេសទាំងពីរ ដើម្បីជួបពិភាក្សាគ្នា ក្នុងការអនុវត្តបទឈប់បាញ់ ឱ្យបានពេញលេញ។  

 


លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានសម្រេចនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា។

 
 

 

អត្ថបទ និងរូបភាព៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025