ថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥
កាក់កបទីផ្សារភាពយន្ត តារាសម្តែងរូបសង្ហា ប៊ុន ខេវិន បង្ហើបស្នាដៃភាពយន្តថ្មី ដែលអាចនឹងធ្វើឱ្យអ្នកទស្សនាជក់ចិត្ត និងចាប់អារម្មណ៍។ អ្វីដែលលោករំពឹងថែមទៀតនោះគឺប្រជាប្រិយភាពនឹងកាន់តែកើនឡើងខ្លាំងជាងមុន។
តារាសម្ដែងរាងខ្ពស់សង្ហា លោក ប៊ុន ខេវិន ថ្មីៗនេះបានទម្លាយឱ្យភីអិនអិនដឹងពីគម្រោងការងារថ្មីៗ រួមទាំងស្នាដៃភាពយន្តដែលត្រៀមទម្លាក់លើទីផ្សារ ដើម្បីបម្រើចំណីចក្ខុទស្សនិកជននាពេលឆាប់ៗខាងមុខនេះ។
តាមការកត់សម្គាល់ រយៈពេលចុងក្រោយនេះ ខេវិន ហាក់មមាញឹកខ្លាំងជាមួយការថតខ្សែភាពយន្ត។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅ កំលោះសង្ហារូបនេះបានលេចវត្តមានក្នុងរឿង «ភ្លើងឆេះក្លឹបក្រោមដី» របស់ LD Entertainment ធ្វើឱ្យច្បាបបានប្រជាប្រិយភាព និងមានគេស្គាល់កាន់តែច្រើនជាងមុន។
មិនទាន់អស់នៅឡើយទេ កន្លងទៅថ្មីៗ ប៊ុន ខេវិន ក៏បានបង្ហាញខ្លួនក្នុងខ្សែភាពយន្តបែបកំប្លែង ចំណងជើង «កំពូលក្រមុំទាំង ៣» ជាមួយ តារាកំប្លែង ស្រីពីន , កញ្ញា ម៉ៅ រចនា និងតារាសម្តែងពូកែលេងទឹកមុខគ្រមិចគ្រមើម អ្នកនាង សារ៉ាយ សក្ខណា។
ប្រាប់ឱ្យភីអិនអិនដឹងដោយមិនលាក់លៀម ខេវិន ថា លោកនៅមានស្នាដៃភាពយន្តថ្មីបន្តបន្ទាប់ទៀត ដែលពេលនេះកំពុងសម្រុកថតបញ្ចប់តាមគម្រោង។ រឿងថ្មីដែលលោកកំពុងថត ជាខ្សែភាពយន្តខ្នាតធំថ្មីបែបមនោសញ្ចេតនា កំសត់ លាយឡំការអប់រំពីការរស់នៅប្រចាំថ្ងៃ។ ជាតារាសម្តែងលេចធ្លោ និងធ្លាប់មានបទពិសោធន៍ច្រើនក្នុងការសម្តែងភាពយន្ត ខេវិន ថា នេះជាលើកដំបូងដែលលោកដើរតួអង្គកំសត់ខ្លាំងដល់ថ្នាក់នេះ។ ក្រៅពីឈុតឆាកយំទឹកភ្នែករហេមរហាមឡើងខ្សោះខ្លួន តារាសម្តែងរូបនេះថែមទាំងហ៊ានលះបង់កោសក់ពិតៗដើម្បីថតរឿងនេះទៀតផង។
ជាតួអង្គម្នាក់ក្នុងរឿង «ចាស់កំព្រា» លោក ប៊ុន ខេវិន ហ៊ានធានាអះអាងថា ប្រិយមិត្តអ្នកទស្សនាដឹងតែយំរហេមរហាមតាមសាច់រឿងមិនខានឡើយ នៅពេលរឿងនេះចាក់បញ្ចាំង។ មិនមែន ខេវិន តែម្នាក់ទេដែលលើកឡើងបែបនេះ សូម្បីតែ អ្នកដឹកនាំរឿង លោក ឌៀប សិលា និង អ្នកនិពន្ធ លោក នួន ម៉ូលីន ក៏ហ៊ានចេញមុខនិយាយថា អ្នកមើលដឹងតែយំហើមភ្នែកពេលបានទស្សនារឿងថ្មីនេះ ព្រោះវារសជាតិភាពយន្តថ្មីដែល LD Entertainment ផ្តល់ឱ្យអ្នកទស្សនា មិនមែនមានតែរឿងលងបន្លាចបែបរន្ធត់ និងស្នេហាប៉ុណ្ណោះទេ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក