ថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥

តុក្កតា Crybaby អាចនឹងស្នងតំណែងភាពល្បីល្បាញរបស់ Labubu

២៣ កញ្ញា ២០២៥ | កម្សាន្ដ

 

តុក្កតា Crybaby ត្រូវបានក្រុមហ៊ុន Pop Mart អះអាងថាអាចនឹងស្នងតំណែងភាពល្បីល្បាញរបស់ Labubu ខណៈប្រាក់ចំណូលពីការលក់របស់វាបានកើនឡើង ២៥០% ក្នុងមួយឆ្នាំចុងក្រោយ។

 


នៅហាង Pop Mart នៅខាងក្នុងអគារ Oculus World Trade Center ទីក្រុងញូវយ៉ក អតិថិជនជាច្រើនបានមករកទិញតុក្កតាក្នុងប្រអប់អាថ៌កំបាំង ហើយក្នុងចំណោមតុក្កតាដែលមានតម្រូវការខ្ពស់ តុក្កតា Crybaby ដែលមានទឹកភ្នែកដំណក់ធំៗលើថ្ពាល់បានក្លាយជាទំនិញលក់ដាច់បំផុតរបស់ក្រុមហ៊ុនយ៉ាងឆាប់រហ័ស។

 


អ្នកនាង Emily Brough ប្រធានផ្នែកផ្តល់អាជ្ញាប័ណ្ណ IP របស់ Pop Mart សម្រាប់អាមេរិកបានឱ្យដឹងថា តុក្កតា Crybaby ស្ថិតក្នុងចំណោមតុក្កតាពេញនិយមបំផុតទាំង ៥ របស់ក្រុមហ៊ុន។ របាយការណ៍ហិរញ្ញវត្ថុរបស់ពួកគេនាឆមាសទី១ បានឆ្លុះបញ្ចាំងពីកំណើនជិត ២៥០% របស់វាក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។

 


ប្រធានផ្នែករូបនេះបានបន្តថា ភាពទាក់ទាញរបស់តុក្កតាមួយនេះគឺជាសារបង្កប់របស់វា ដែលចង់បង្ហាញថា “ការយំម្ដងម្កាល មិនជាបញ្ហានោះទេ” ដែលហាក់ដូចជាត្រូវនឹងស្ថានភាពរបស់មនុស្សវ័យក្មេងច្រើននាពេលបច្ចុប្បន្ន។

 


ក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆមាសចុងក្រោយ Pop Mart បាននិយាយថា ប្រាក់ចំណូលពី Crybaby បានកើនឡើង ២៥០% ធៀបនឹងឆ្នាំមុន ដល់ ១.២២ ពាន់លានយន់ ឬ ១៧១ លានដុល្លារ ស្រដៀងគ្នានឹងផលិតផលកំពូលៗផ្សេងទៀតដូចជា The Monsters (Labubu), Molly និង Skull Panda ដែរ។

 


អ្នកនាង Anthony Martinez ជាអ្នកគ្រប់គ្រងនៅហាង Oculus បាននិយាយថា តួអង្គតុក្កតានីមួយៗសុទ្ធតែមានភាពទាក់ទាញដោយសាររឿងរ៉ាវរបស់វា។ តួយ៉ាងដូចជាតុក្កតា Hirono ដែលជាការច្នៃប្រឌិតមួយទៀតរបស់ Pop Mart គឺជាតួអង្គដែលមើលទៅ Introvert ដូច្នេះហើយវាពេញនិយមសម្រាប់អ្នកមានចរិតស្ងប់ស្ងាត់ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025