ថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥
ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្ស និងធ្វើឱ្យភូមិបុរាណៗដែលស្ថិតក្នុងចង្កោមជាប់គ្នាមានភាពរស់រវើកឡើងវិញ តាមរយៈការប្រើប្រាស់ធនធានវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបដើម្បីបង្កើតផ្លូវអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។គិតចាប់ពីដើមឆ្នាំដល់ពាក់កណ្ដាលឆ្នាំ២០២៥ ភូមិបុរាណៗក្នុងប្រទេសចិនបានស្វាគមន៍ភ្ញៀវទេសចរជាង ២៩៣ លាននាក់ បង្កើតជាប្រាក់ចំណូលពាក់ព័ន្ធទេសចរណ៍បានប្រហែល ៣៤.២ ពាន់លានយន់ (ស្មើនឹងប្រហែល ៤.៧៨ ពាន់លានដុល្លារអាមេរិក) ។
មានប្រវត្តិជាច្រើនសតវត្សមកហើយ ភូមិបុរាណៗទាំងនេះមានប្រមូលផ្ដុំដោយសំណង់ស្ថាបត្យកម្មចាស់ៗដែលត្រូវបានថែរក្សាយ៉ាងល្អ ក៏ដូចជាបេតិកភណ្ឌវប្បធម៌អរូបី និងទេសភាពដ៏ស្រស់ស្អាត។
តាមរយៈការរៀបចំការតាំងពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី ការសម្តែងសិល្បៈប្រជាប្រិយ និងការប្រកួតកីឡាប្រពៃណី ភូមិទាំងនេះបានជំរុញវិស័យទេសចរណ៍បែបជនបទ ឧស្សាហកម្មច្នៃប្រឌិត និងសេដ្ឋកិច្ចក្នុងស្រុកបានយ៉ាងល្អ។
ឧទាហរណ៍ដ៏លេចធ្លោមួយគឺភូមិ Longtan (ឡុងថាន) ក្នុងតំបន់ Pingnan (ភីងណាន) ខេត្ត Fujian (ហ្វូជាន) ភាគខាងកើតប្រទេសចិន ដែលជាភូមិប្រពៃណីដែលទទួលបានការកើនឡើងនូវចំនួនអ្នកមកទស្សនាយ៉ាងខ្លាំងនៅកំលុងរដូវក្តៅឆ្នាំនេះ។
តាមរយៈការជួសជុលផ្ទះបុរាណ ការអភិរក្សបេតិកភណ្ឌវប្បធម៌ ការគាស់រំឭកឡើងវិញនូវសកម្មភាពប្រពៃណីរបស់ប្រជាជន និងការផ្តល់ជូននូវសេវាកម្មទេសចរណ៍យ៉ាងសម្បូរបែប តំបន់វប្បធម៌ឡុងថាន ដែលមានភូមិឡុងឋាននិងភូមិជិតខាងចំនួន៣ទៀតបានស្វាគមន៍ភ្ញៀវទេសចរសរុបប្រហែល ២៩ ម៉ឺននាក់ក្នុងកំលុងថ្ងៃឈប់សម្រាករដូវក្តៅនេះ។
ក្រៅពីនេះ នៅក្នុងខេត្ត Zhejiang (ជឺជាំង), ខេត្ត Shandong (សានទុង), ខេត្ត Hunan (ហ៊ូណាន) និងខេត្តផ្សេងៗទៀត អាជ្ញាធរកំពុងជំរុញយុទ្ធសាស្ត្រការពារ និងអភិវឌ្ឍន៍រួមបញ្ចូលគ្នា ដោយលើកទឹកចិត្តភូមិនានាឱ្យរក្សាធនធាន សហការបង្កើតម៉ាកសញ្ញាវប្បធម៌ និងសម្រេចបានទាំងអត្តសញ្ញាណផ្ទាល់ខ្លួន និងផលប្រយោជន៍ជារួម។
ទិន្នន័យពីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទបង្ហាញថា បច្ចុប្បន្នប្រទេសចិនបានចុះបញ្ជីភូមិបុរាណសរុបចំនួន ៨១៥៥ ភូមិទៅក្នុងបញ្ជីអភិរក្សរបស់ខ្លួន ដោយមានភូមិច្រើនជាង ៥០០០ ភូមិត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធីការពារថ្នាក់ខេត្ត ៕
ប្រែសម្រួល៖ វ៉ាន់ថន