ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥

ប្រមុខដឹកនាំកម្ពុជា អបអរសាទរខួប ២ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណពិភពលោក

១៨ កញ្ញា ២០២៥ | ព័ត៌មានជាតិ

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ - ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅថ្ងៃទី១៧កញ្ញានេះ ជាខួបគម្រប់ ២ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ 

 

 

ដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើសារដាច់ដោយឡែកពីគ្នា ចូលរួមអបអរសាទរ តាមបណ្តាញសង្គម។ 

 

 

ក្នុងសារអបអរសាទរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវទៅកាន់ជនរួមជាតិថា «កិច្ចការពារសម្បត្តិវប្បធម៌ជាតិ ជាភារកិច្ចរបស់យើងគ្រប់ៗគ្នា»។

 

 

សូមរម្លឹកថា រមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ 

 


រមណីយដ្ឋាននេះ ស្ថិតនៅលើផ្ទៃដីប្រមាណ ៨ពាន់ហិកាតា ដែលមានប្រាសាទជាង ៧០ ក្នុងនោះ មានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីត នៅអាស៊ីអាគេ្នយ៍ គឺប្រាសាទកោះកេរ។ កោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ក្នុងសតវត្សរ៍ទី១០ ត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ ដោយបានបង្កើតជារាជធានី នៅកោះកេរ នាឆ្នាំ៩២១ នៃគ.ស។  
គិតមកដល់ខែកញ្ញា ឆ្នាំ២០២៥ នេះ យ៉ាងហោចណាស់ មានសម្បត្តិវប្បធម៌ខ្មែរ ចំនួន ១៥ហើយ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ក្នុងនោះ រួមមាន៖
១-រមណីយដ្ឋានអង្គរ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ 
២-ប្រាសាទព្រះវិហារ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ 
៣-ប្រាសាទសំបូរព្រៃគុក ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ 
៤-ប្រាសាទកោះកេរ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣
៥-របាំព្រះរាជទ្រព្យ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ 
៦- ល្ខោនស្រមោលស្បែកធំ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ 
៧- ល្បែងទាញព្រ័ត្រ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ 
៨- ចាប៉ីដងវែង ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ 
៩-ល្ខោនខោល ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨
១០-គុនល្បុក្កតោ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២  
១១- បណ្ណាសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ 
១២-ឯកសារសំឡេងនិទានរឿងរាមកេរ្តិ៍ ដោយតាគ្រុឌ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ 
១៣-រឿងអ៊ីណាវបុស្បា ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ 
១៤-ក្រមា ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
១៥-អតីតមន្ទីរឃុំឃាំង ម១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ) ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ជា «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥៕

 

 

អត្ថបទ និងរូបភាព៖ PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025