ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
កិច្ចប្រជុំលើកចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ បានសម្រេចដំឡើងពី ២០៨ដុល្លារ ទៅ ២១០ដុល្លារ ក្នុង ១ខែ។ ប្រាក់ឈ្នួលថ្មីនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ តួលេខថ្មីនេះ ក៏ត្រូវបានទទួលស្គាល់ និងសាទរដោយតំណាងសហជីពកម្មករ ដោយមើលឃើញពីបញ្ហាប្រឈមជាច្រើន នាពេលបច្ចុប្បន្ន។
ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ របស់កម្មករ កម្មការិនី ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវបានតម្លើងពី ២០៨ ដុល្លារដល់ ២១០ដុល្លារ នេះបើយោងតាមកិច្ចប្រជុំលើកចុងក្រោយ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប មានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។
ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានប្រសាសន៍ថា តួលេខថ្មីនេះ គឺសម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមចំនួន ២ដុល្លារពីលើតួលេខចាស់ ដែលធ្វើឱ្យប្រាក់ឈ្នួលកម្មករកាត់ដេរនៅឆ្នាំ២០២៦ នឹងឡើងដល់ ២១០ដុល្លារ។
ជាមួយគ្នានេះ ឧកញ៉ា បណ្ឌិត ណាង សុធី ខាងតំណាងនិយោជក មានប្រសាសន៍ដែរថា ហេតុផលដែលតំណាងភាគីនិយោជកសម្រេចរក្សាតួលេខចាស់ ដោយមានហេតុផលច្រើន ដូចជា ១. ការវិលត្រឡប់មកវិញរបស់ពលករខ្មែរមកពីថៃមានចំនួនច្រើន ដូច្នេះការសន្សំសំចៃដើម្បីទទួលកម្មករថ្មីជារឿងចាំបាច់។ ទី២ ពន្ធបដិការរបស់អាមេរិក ក៏មិនទាន់មានភាពជាក់លាក់ណាមួយ បើទោះបីជាយើងដឹងថា អត្រា ១៩%មែន ប៉ុន្តែអត្រា ៣៥%នៃវត្ថុធាតុដើមដែលនាំចូលមកផលិតនោះគឺជាប់ពន្ធចំនួន ២០%ទៀត។ និងចំណុចទី៣ ដែលសំខាន់ជាងគេនោះគឺ អស្ថិរភាពប្រទេសជាតិ។
ដោយឡែក លោក គឹម ចាន់សំណាង តំណាងភាគីកម្មករនិយោជិត បានលើកឡើងថា ការសម្រេចចុងក្រោយនេះ គឺសហជីពបានពិនិត្យឃើញពីផលប៉ះពាល់ទៅនឹងស្ថានភាពទាំងនៅកម្ពុជា និងសាកលលោកដែរ។ លោកថា ឆ្នាំនេះ ភាគីនីមួយៗមានឱកាសជជែកគ្នាបានទូលំទូលាយ ដែលជាហេតុសហជីពបានទទួលស្គាល់ពីអ្វីដែលជាផលប៉ះពាល់ ក្នុងស្ថានភាពបច្ចុប្បន្ន។
យោងលើរបាយការណ៍ និងការពិភាក្សាបន្ថែមជាមួយភាគីពាក់ព័ន្ធ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ដុល្លារអាម៉េរិក លើតួលេខ ២០៨ ដុល្លារអាម៉េរិក របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ មានចំនួន ២១០ដុល្លារ ក្នុងមួយខែ ហើយនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ បើបូកទាំងអត្ថប្រយោជន៍ផ្សេងទៀត បងប្អូនកម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចន្លោះពី ២២៧ ដុល្លារអាម៉េរិក ដល់ ២៣៨ដុល្លារក្នុងមួយខែ៕
អត្ថបទ៖ អ៊ីសា ហាសាណះ, រូបភាព៖ ហ៊ុន សុជាតា