ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបថា អាមេរិក នឹងដំឡើងពន្ធយ៉ាងច្រើនបន្ថែមទៀតលើ ទំនិញពីប្រទេសឥណ្ឌា ដោយសារតែឥណ្ឌា បានទិញប្រេងពីរុស្ស៊ីយ៉ាងច្រើន និងទទួលបានប្រាក់ចំណេញច្រើនពីការលក់ប្រេង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។បើតាមបញ្ជាប្រតិបត្តិដែលចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក គឺថា ទំនិញឥណ្ឌាដែលនាំចូលមកសហរដ្ឋអាមេរិក នឹងត្រូវជាប់ពន្ធ ២៥% ចាប់ពីថ្ងៃទី ៧ ខែសីហានេះ។
ក្រៅពីពន្ធ ២៥% លោកដូណាល់ ត្រាំ បានបញ្ជាក់បន្ថែមថា លោកនឹងដាក់ពិន័យសម្រាប់ការទិញប្រេងរបស់ឥណ្ឌា ពីប្រទេសរុស្ស៊ី ដោយមិនបានបញ្ជាក់ពី ព័ត៌មានលម្អិតនោះទេ។កាលពីដើមខែមេសាកន្លងទៅ លោក ដូណាល់ ត្រាំ បានប្រកាសពន្ធ ២៦% លើទំនិញឥណ្ឌា បន្ថែមពីលើពន្ធមូលដ្ឋាន ១០% ប៉ុន្តែបន្ទាប់មក លោកបានផ្អាកការដាក់ពន្ធគយបែបនេះ។
ជាការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីរបស់លោក ត្រាំ គឺថា ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកំណត់គោលដៅមកលើ ប្រទេសឥណ្ឌា គឺមិនមានយុត្តិធម៌ និងមិនសមហេតុផលនោះទេ ហើយការនាំចូលប្រេងរបស់ឥណ្ឌា គឺដើម្បីធានាបាននូវ ការចំណាយលើថាមពលដែលអាចព្យាករណ៍បាន និងមានតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់ឥណ្ឌា។
ក្រសួងការបរទេសឥណ្ឌា បន្ថែមថា ឥណ្ឌា នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារផលប្រយោជន៍ជាតិ និងសន្តិសុខសេដ្ឋកិច្ច ដូចប្រទេសសេដ្ឋកិច្ចធំៗដទៃដែរ។
ជាក់ស្តែង សហរដ្ឋអាមេរិក និងឥណ្ឌា បានបើកកិច្ចចរចាជាច្រើនលើក ប៉ុន្តែឥណ្ឌា បានបដិសេធមិនផ្តល់សម្បទានពន្ធអាមេរិកលើកសិកម្ម និងផលិតផលទឹកដោះគោ ដែលជាតម្រូវការសំខាន់របស់សហរដ្ឋអាមេរិកក្នុងការចរចា។គួរជម្រាបថា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា ឱនភាពពាណិជ្ជកម្មទំនិញរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសឥណ្ឌា មានចំនួន ៤៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤ កើនឡើង ៦% ធៀបនឹងឆ្នាំ ២០២៣៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ