ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥
ការទូទាត់ឌីជីថលតាមប្រព័ន្ធទូទាត់បាគង ក្នុងឆមាសទី ១ ឆ្នាំ ២០២៥ មានការកើនឡើងខ្លាំងប្រមាណ ៣៦% ដល់ ៥១៤លានប្រតិបត្តិការ ដោយបញ្ជាក់ថា ប្រព័ន្ធទូទាត់បាគង បាននិងកំពុងបំពេញមុខងារកាន់តែសម្បូរបែបជូនដល់អ្នកប្រើប្រាស់ និងរួមចំណែកដល់ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។
បើតាមទិន្នន័យពី ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា រយៈពេល ៦ខែ ដើមឆ្នាំ ២០២៥នេះ ចំនួនប្រតិបត្តិការជាប្រាក់រៀល តាមប្រព័ន្ធបាគងមាន ៣០៣លានប្រតិបត្តិការ កើនឡើង ២ដង បើគិតពីទំហំទឹកប្រាក់សរុប មានចំនួនជិត ១២៨ទ្រីលានរៀល កើនឡើង ៦២% ខណៈចំនួនប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកមាន ២៤០លានប្រតិបត្តិការ បើគិតជាទំហំទឹកប្រាក់ជាង ៦៨ប៊ីលានដុល្លារអាមេរិក។
ទន្ទឹមគ្នានេះ ប្រព័ន្ធបាគង ត្រូវបានធនាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការជាផ្លូវការ នៅខែតុលា ឆ្នាំ២០២០ ដោយប្រព័ន្ធបាគង ប្រៀបដូចជាឆ្អឹងខ្នងនៃប្រព័ន្ធទូទាត់ ដែលអាចធ្វើឲ្យអតិថិជន អាចធ្វើប្រតិបត្តិការភ្លាមៗដូចជា ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញដែរថា ការទូទាត់ឌីជីថលតាមការស្កេនឃ្យូរអរកូត ក្នុងឆ្នាំ ២០២៤ មានការកើនឡើងខ្លាំងដល់ទៅ ២៤៧% ខណៈប្រតិបត្តិការទូទាត់តាមរយៈប័ណ្ណទូទាត់ មានការកើនឡើងត្រឹមតែ ១%។ធនាគារជាតិនៃកម្ពុជា នឹងបន្តជំរុញ និងលើកកម្ពស់ការទូទាត់តាមប្រព័ន្ធបាគង និងការអនុវត្តស្តង់ដារ KHQR Code ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីសម្រេចបានក្នុងការត្រៀមខ្លួន សម្រាប់ការធ្វើអន្តរប្រតិបត្តិការទូទាត់តាមរយៈឃ្យូអរកូតទាំងក្នុងប្រទេស និងតំបន់។
លើសពីនេះ ប្រព័ន្ធបាគងក៏មានមុខងារ ទូទាត់តាមរយៈ KHQR Code ដែលជាស្តង់ដារ QR Code សម្រាប់ការទូទាត់នៅកម្ពុជាផងដែរ។គួរជម្រាបថា គិតត្រឹមឆមាសទី ១ ឆ្នាំ២០២៥ ប្រព័ន្ធបាគងមានសមាជិកសរុបចំនួន ៧១ គ្រឹះស្ថាន ដោយក្នុងនោះមានគ្រឹះស្ថានចំនួន ៦២ កំពុងដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន ៩ ផ្សេងទៀតបាននិងកំពុងបន្តធ្វើសន្ធានកម្មប្រព័ន្ធ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ