ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥

ម្ចាស់អាជីវកម្មកម្សាន្តនៅដង្កោ ត្រូវបានបណ្ដុះបណ្ដាលច្បាប់ចំពោះការជួញដូរមនុស្ស និងផ្លូវភេទ

០៨ តុលា ២០២៥ | ព័ត៌មានជាតិ

 

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ បានសហការរៀបចំវគ្គបណ្តុះបណ្តាលដ៏សំខាន់មួយ ស្តីពី អំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធ ហើយអ្នកចូលរួមសំគឺអាជ្ញាធរមូលដ្ឋាន មកពីគ្រប់សង្កាត់ក្នុងខណ្ឌដង្កោ និងម្ចាស់ ឬតំណាងទីតាំងអាជីវកម្មកម្សាន្ត នៅក្នុងខណ្ឌដង្កោ ។

 


វគ្គបណ្តុះបណ្តាលនេះ ត្រូវបានដឹកនាំផ្ទាល់ដោយឯកឧត្តមឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង នគរបាលជាតិ រួមជាមួយអភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ និងប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន គាំទ្រដោយអង្គការម៉ារីស៊ី។ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានមានប្រសាសន៍ថា បើទោះបីប្រធានបទធំគឺអំពើជួញដូរមនុស្សក៏ពិតមែន ក៏គោលបំណងស្នូល នៃវគ្គនេះ គឺផ្តោតជាពិសេសទៅលើអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ដែលលាក់ខ្លួននៅតាមបណ្តាទីតាំងអាជីវកម្មកម្សាន្តមួយចំនួន ដូចជា KTV ម៉ាស្សា និងហាងផ្សេងៗទៀត ។

 

 

គោលបំណងសំខាន់ នៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីពង្រឹងការអនុវត្តច្បាប់ ធ្វើឱ្យមន្រ្តីអនុវត្តច្បាប់យល់ច្បាស់ពីនីតិវិធី នៃការបង្រ្កាបបទល្មើស ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារ ដែលមានភាពស្មុគស្មាញ និងទាក់ទងនឹងបច្ចេកវិទ្យា ដាស់តឿនម្ចាស់អាជីវកម្ម ឱ្យម្ចាស់អាជីវកម្មយល់ដឹងពីហានិភ័យផ្លូវច្បាប់ នៃការប្រើប្រាស់អនីតិជន ហើយជំរុញឱ្យពួកគេសម្អាត និងធានាភាពស្អាតស្អំ នៃទីតាំងរបស់ខ្លួន ដើម្បីចូលរួមអនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព។ម្យ៉ាងទៀត នេះគឺជាសញ្ញាច្បាស់លាស់មួយ ដែលថាអាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តោយឱ្យកុមារក្លាយជាទំនិញ នៅក្នុងដែនរដ្ឋបាលរបស់ខ្លួនឡើយ ហើយរដ្ឋបាលខណ្ឌដង្កោ បានអំពាវនាវដល់សាធារណជន និងម្ចាស់អាជីវកម្មទាំងអស់ ចូលរួមសហការយ៉ាងសកម្ម ដើម្បីការពារអនាគត និងសេចក្តីថ្លៃថ្នូររបស់កុមារកម្ពុជា។

 


សង្គមស៊ីវិល័យ សម្ភារនិយម និងការអូសទាញ ងាយនឹងធ្វើឱ្យយុវវ័យ ជាពិសេសក្មេងស្រីជំទង់ៗ ឆាប់លង់ក្នុងការល្បួងដ៏ប៉ិនប្រសព្វរបស់ជនឆ្លៀតឱកាស ដើម្បីយកទៅបម្រើផ្លូវភេទ ឬកេងប្រវ័ញ្ចផ្លូវភេទ។ ដោយសារតែនៅក្មេងខ្ចី ពួកគេមិនទាន់មានពិសោធ និងខ្វះការយល់ដឹងគ្រប់គ្រាន់ពីបញ្ហាសង្គមដ៏ស្មុគស្មាញ ពួកក្មេងជំទង់មិនទាន់ចេះសម្លឹងឱ្យបានវែងឆ្ងាយអំពីដំណើរជីវិតរបស់ខ្លួនទៅអនាគតឡើយ ទើបទាមទារឱ្យ គ្រួសារ មាតាបិតា អាណាព្យាបាល សហគមន៍ និងអាជ្ញាធរត្រូវយកចិត្តទុកដាក់ថែទាំឃ្លាំមើល និងអប់រំជាប្រចាំ ។

 


បញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភមួយ គឺបច្ចេកវិទ្យាឌីជីថលត្រូវបានប្រើប្រាស់ជាមធ្យោបាយឧបាយកលទុច្ចរិតរបស់ជនខិលខូច និងឧក្រិដ្ឋជន ក្នុងការអូសទាញយុវជនឱ្យលង់ខ្លួន ។ ដូច្នេះមាតា បិតា អ្នកអាណាព្យាបាល តោងតែប្រុងប្រយ័ត្នចំពោះបុត្រធិតាក្នុងវ័យជំទង់ ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមទាំងទូរសព្ទស្មាតហ្វូនផងដែរ។ នេះគឺជាអនុសាសន៍ នៃសិក្ខាសាលានេះ៕
 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ មន្ត្រី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025