ថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥

រដ្ឋបាលជលផល មានមោទនភាពចំពោះសមិទ្ធផលនៃគម្រោង CAPFish-Capture

០៧ តុលា ២០២៥ | ព័ត៌មានជាតិ

 

ថ្លែងនៅក្នុងសិក្ខាសាលាបច្ចេកទេសបិទបញ្ចប់គម្រោង CAPFish-Capture លទ្ធផលទី១ គឺប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ នៃផល ផលិតផលជលផល ការអនុវត្តល្អ មេរៀនជាបទពិសោធ បញ្ហាប្រឈម និងជំហានបន្ត នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល អះអាងថា រដ្ឋបាលជលផល មានមោទនភាពចំពោះសមិទ្ធផលដែលសម្រេចបានតាមរយៈគម្រោង CAPFish-Capture ។

 


ឯកឧត្តម ពុំ សុថា បានលើកឡើថា គម្រោងដែលសហការអនុវត្តរវាងរដ្ឋបាលជលផល និងអង្គការ UNIDO ដែលបានអនុវត្តចាប់ពីឆ្នាំ២០១៩ រហូតដល់ដំណាច់ឆ្នាំ២០២៥ នេះ មានសមាសភាគសំខាន់ៗចំនួន៣ គឺ ទី១ ការពង្រឹងសមត្ថភាពអាជ្ញាធរមានសមត្ថកិច្ច ត្រួតពិនិត្យផល ផលិតផលជលផល,ទី២ការពង្រឹងសមត្ថភាពវិស័យឯកជន និង ទី៣ ការស្រាជ្រាវអភិវឌ្ឍន៍បច្ចេកវិទ្យាកែច្នៃ ផលជលផល។

 

 

តាមរយៈការអនុវត្តគម្រោងនេះ រដ្ឋបាលជលផលមានមោទនភាព ចំពោះសមិទ្ធផលសំខាន់ៗ ដែលសម្រេចបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍការកែច្នៃផលជលផល ជាពិសេសការលើកកម្ពស់គុណភាព សុវត្ថិភាពផល ផលិតផលជលផល សំដៅរួមចំណែកការពារសុខភាពសាធារណៈ និងបង្កើនភាពប្រកួតប្រជែង នៃផលិតផលជលផលលើទីផ្សារក្នុងស្រុក និងនាំចេញ។

 


ឯកឧត្តម ពុំ សុថា បានរំឭកថា គម្រោង CAPFish-Capture បានកំណត់គោលដៅច្បាស់លាស់ក្នុងការធ្វើទំនើបកម្មអនុវិស័យជលផលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងស្តង់ដាអន្តរជាតិ និងបើកច្រកចូលទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប។ ដោយមានការរៀបចំផែនការច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ នាំឱ្យគម្រោងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជា ច្រើនដូចជា សហគ្រាសជលផលកម្ពុជាចំនួន២២ ទទួលបានវិញ្ញាបនបត្របញ្ជាក់និមិត្តសញ្ញាគុណភាព ផល ផលិតផលជលផលកម្ពុជា ហៅកាត់ថា CQS និងសហគ្រាសចំនួន ៩ កំពុងប្រើប្រាស់ប្រព័ន្ធអង្កេតដានឌីជីថល CamTrace ព្រមទាំងបានអនុវត្តការប្រមូលសំណាក និងធ្វើតេស្តតាមដានគុណភាព សុវត្ថិភាពម្ហូបអាហារ ស្របតាមផែនការសកម្មភាពជាតិ NAP ឆ្នាំ២០២០-២០២៤ ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់អនុលោម តាមលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុប។

 

 

ទន្ទឹមនេះគម្រោងបាន និងកំពុងត្រួតពិនិត្យ និងធ្វើអធិការកិច្ចសហគ្រាស ដើម្បីចុះឈ្មោះសហគ្រាស ដែលមានលក្ខណសម្បត្តិពេញលេញសម្រាប់ការនាំចេញផលិតផលជលផល ទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប។ក្រោមកិច្ចគាំទ្រពីអង្គការ UNIDO សហគ្រាសដែលមានសក្តានុពល បាន និងកំពុងអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ និងអនុវត្តប្រព័ន្ធ HACCP សម្រាប់ការធ្វើសវនកម្ម របស់ DG-SANTE ក្នុង ឆ្នាំ២០២៦ ដើម្បីនាំចេញផលិតផលជលផលទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

 


ចំពោះទិសដៅបន្ត ឯកឧត្តម ពុំ សុថា បានឱ្យដឹងថាគម្រោងបានរៀបចំផែនការសកម្មភាពជាតិ NAP សម្រាប់អនុវត្តជំហានបន្ទាប់ក្នុង ឆ្នាំ២០២៥-២០២៩ ។ ទន្ទឹមនឹងមោទនភាព នៃសមិទ្ធផលខាងលើ ការងារនេះមិនបញ្ចប់ត្រឹមនេះទេ អាចទាញយក ប្រយោជន៍បន្ថែមតាមរយៈការបន្តអនុវត្តកម្មវិធីជាតិ តាមដាននិងត្រួតពិនិត្យសំណល់ឱសថក្នុងវារីសត្វ និង សារធាតុគីមីក្នុងការធ្វើវារីវប្បកម្ម ពង្រីកការអនុវត្តប្រព័ន្ធ CQS ដើម្បីធានានិរន្តរភាព នៃសមិទ្ធផល របស់គម្រោង ពង្រីកប្រព័ន្ធអង្កេតដានក្នុងខ្សែច្រវាក់តម្លៃ ដូចជាកសិដ្ឋានវារីវប្បកម្ម ទូកនេសាទ ឈ្មួញកណ្តាល ព្រមទាំងបន្តការចុះបញ្ជីកសិដ្ឋានវារីវប្បកម្ម លើកកម្ពស់ការអនុវត្តវារីវប្បកម្មល្អ ជាដើម៕

 

 

អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ សែត ប៊ុនថាន់

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025