ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥
ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក និងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលទើបតែបិទបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកឡើងអំពីការវាយប្រហារដោយឥតញញើតរបស់ថៃ រំលោភដែនអធិបតេយ្យកម្ពុជា។ ប្រមុខការទូតកម្ពុជា ក៏បានអំពាវនាវឲ្យអន្ដរជាតិ បន្ដតាមដាន សំដៅបន្ធូរបន្ថយភាពតានតឹង និងស្ដារឡើងវិញនូវជំនឿទុកចិត្តរវាងកម្ពុជា-ថៃ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បង្ហាញថា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានបង្ហាញនូវនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងបន្តនៅតាមព្រំដែនជាមួយប្រទេសថៃ ដោយបានប្រកាសប្រឆាំងនឹងការរំលោភអធិបតេយ្យ និងអំពាវនាវឲ្យគោរពយ៉ាងម៉ឺងម៉ាត់លើបទឈប់បាញ់ កិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ប្រមុខការទូតកម្ពុជា បានអំពាវនាវឲ្យមានការគាំទ្រពីអាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ឲ្យជួយបន្ធូរបន្ថយភាពតានតឹង និងស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនមហាសន្និបាត អំពីការវាយប្រហារឥតញញើត នាពេលថ្មីចុងក្រោយនេះ របស់ថៃ មកលើកម្ពុជា ដែលបានកើតឡើង នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារមុន ដោយសង្កត់ធ្ងន់ថា កងទ័ពរបស់កម្ពុជា មិនធ្វើដូចការចោទប្រកាន់ ឬបានសងសឹកឡើយ ដែលនេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ចំពោះសន្តិភាព។
ប្រមុខការទូតកម្ពុជា បានបញ្ជាក់សាជាថ្មីពីការគាំទ្ររបស់កម្ពុជា ចំពោះការធ្វើកំណែទម្រង់របស់អង្គការសហប្រជាជាតិ ដើម្បីបង្កើនវិធានការការទូត ពង្រឹងតួនាទីរបស់មហាសន្និបាត អង្គការសហប្រជាជាតិ ពង្រីកសមាជិកភាពនៃក្រុមប្រឹក្សាសន្តិសុខ និងជំរុញប្រតិបត្តិការថែរក្សាសន្តិភាព។ លោកបានអំពាវនាវឲ្យប្រទេសទាំងអស់គោរពចក្ខុវិស័យដំបូងរបស់អង្គការសហប្រជាជាតិ ដោយជ្រើសរើសកិច្ចសហប្រតិបត្តិការ កិច្ចសន្ទនា និងសេចក្តីសង្ឃឹម ជំនួសឲ្យជម្លោះ និងការបែងចែក។
ក្នុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានជួបប្រជុំទ្វេភាគីជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងសមភាគីមួយចំនួនទៀត រួមមាន ប្រធានកាកបាទក្រហមអន្តរជាតិ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ជប៉ុន ហុងគ្រី សាំងលូស៊ី ន័រវែស រុស្ស៊ី ថៃ និងហ្គាំប៊ី។ ក្នុងជំនួបពិភាក្សាដាច់ដោយទាំងនេះ បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិជាទ្វេភាគី ក៏ដូចជា ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងពហុភាគី។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងត្រួសៗ ជូនសមភាគី នូវបច្ចុប្បន្នភាពជម្លោះព្រំដែនជាមួយប្រទេសថៃ និងបានបញ្ជាក់សាជាថ្មីពីជំហររបស់កម្ពុជា ដើម្បីធ្វើយ៉ាងណា បន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត និងការអនុវត្តកិច្ចព្រមព្រៀងកន្លងមកថ្មីៗនេះ ឲ្យបានពេញលេញ និងស្មោះត្រង់ ដើម្បីឈានទៅកាន់ទំនាក់ទំនងជាធម្មតាឡើងវិញរវាងប្រទេសទាំងពីរ៕
អត្ថបទ និងរូបភាព៖ PNN