ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងយោធាអាម៉េរិកនឹងត្រូវប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីសត្រូវនៅខាងក្នុងទឹកដីអាម៉េរិកខ្លួនឯងដែលជាការបង្ហាញអំពីការប្រើប្រាស់កម្លាំងយោធាកាន់តែខ្លាំងឡើងក្នុងការបង្ក្រាបការតវ៉ារបស់មហាជននៅតាមទីក្រុងមួយចំនួននៅសហរដ្ឋអាម៉េរិកដែលប្រឆាំងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍របស់លោក ត្រាំ។
ការថ្លែងរបស់លោក ត្រាំ នេះបានធ្វើឡើងក្នុងការជួបជុំនាយឧត្តសេនីយ៍យោធាដ៏កម្រមួយនៅក្នុងទីក្រុងក្វានទីកូ រដ្ឋវើជីនៀ សហរដ្ឋអាម៉េរិកដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិលោក ភីត ហេក សិត ផងដែរ។ លោក ត្រាំ បានប្រកាសអំពីផែនការបញ្ជូនកងទ័ពឆ្មាំជាតិទៅកាន់ទីក្រុងផតឡេននៃរដ្ឋអូរីហ្គិននៅចុងសប្តាហ៍នេះ ហើយបានបញ្ជូនឆ្មាំជាតិ និងកងម៉ារីនជាតិទៅទីក្រុងឡូសអេនជេឡិស រដ្ឋកាលីហ្វ័រញ៉ាកាលពីដើមឆ្នាំនេះទោះជាមានការតវ៉ាពីមន្ត្រីក្នុងតំបន់ក៏ដោយ។
លោក ត្រាំ បានប្រាប់លោក ហេកសិត ថា អាម៉េរិកគួរតែប្រើប្រាស់ទីក្រុងដ៏គ្រោះថ្នាក់មួយចំនួនខាងលើនេះធ្វើជាកន្លែងហ្វឹកហាត់សម្រាប់យោធារបស់អាម៉េរិក។
ក្នុងការជួបជុំនេះដែរ លោក ហេកសិត បានរិះគន់នាយឧត្ដមសេនីយ៍ដុះក្បាលពោះដោយនិយាយថា វាមិនអាចទទួលយកទាល់តែសោះដោយឃើញនាយឧត្តមសេនីយ៍ និងមន្ត្រីជាន់ខ្ពស់ដទៃទៀតមានក្បាលពោះធំៗអង្គុយនៅក្នុងសាលប្រជុំបែបនេះ។
លោកបានសង្កត់ធ្ងន់ថា រាល់ការធ្វើតេស្តកាយសម្បទានឹងត្រូវកំណត់តាមស្តង់ដារបុរសពិត ហើយថា យុគសម័យនៃកាយសម្បទាគ្មានវិជ្ជាជីវៈបានកន្លងផុតទៅហើយ។ លោកបានបញ្ជាក់ថា ប្រសិនបើពួកគេមិនចេញចិត្តរបៀបវារៈនេះទេ ពួកគេអាចលាឈប់ពីការងារបាន៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន