ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥
លោកប្រធានាធិបតីចិន Xi Jinping បានបញ្ជាក់សារជាថ្មីម្តងទៀត អំពីការប្រឆាំងរបស់លោក ចំពោះឯករាជ្យភាពដែនកោះតៃវ៉ាន់អំឡុងពេលខួបអនុស្សាវរីយ៍លើកទី៧៦នៃទិវាបង្កើតសាធារណៈរដ្ឋប្រជាមានិតចិននៅថ្ងៃអង្គារ(៣០កញ្ញា)។
លោកប្រធានាធិបតីXi នៅសាលGreat Hall of the People ក្នុងទីក្រុងប៉េកាំង បានថ្លែងយ៉ាងដូច្នេះ «យើងត្រូវតែពង្រឹងកិច្ចសហប្រតិបត្តការ និងការផ្លាស់ប្តូររវាងប្រទេសចិន និងកោះតៃវ៉ាន់ ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះឯករាជ្យភាពកោះតៃវ៉ាន់ និងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ។ យើងត្រូវការពារយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសជាតិ»។
លោកXi ក៏បានទទូចសារជាថ្មីឡើងវិញផងដែរ ពីការប្តេជ្ញាររបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ចំពោះគ្រោងការណ៍ «ប្រទេសមួយ ប្រព័ន្ធ២» ដោយសន្យា បន្តគាំទ្រទីក្រុងហុងកុង និងទីក្រុងម៉ាកាវ ធ្វើសមាហរណកម្មកាន់តែប្រសើរឡើងជាមួយប្រទេសចិនដីគោក ពង្រីកសេដ្ឋកិច្ចរបស់ពួកគេ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
នៅពេលបញ្ចប់សន្ទរកថា លោក Xi បានអញ្ជើញអ្នកចូលរួមឱ្យលើកកែវស្រាអបអរសាទរជាមួយលោក ដោយលោកបាននិយាយថា ឥឡូវនេះ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៦ឆ្នាំនៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន(ប្រទេសចិន) យើងទាំងអស់គ្នាលើកកែវ និងពិសារជាមួយគ្នា។
ទិវាជាតិប្រទេសចិន(ថ្ងៃបង្កើតប្រទេសចិន)នៅឆ្នាំនេះ ក៏ជាខួប៨០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី២ និងសង្គ្រាមជប៉ុនចិនលើកទី២ផងដែរ។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានចាត់ទុកដែនកោះតៃវ៉ាន់ ជាចំណែកទឹកដីរបស់ប្រទេសចិន ក្រោមគោលនយោបាយចិនតែមួយ ស្របពេលកោះតៃវ៉ាន់ក៏មិនដែលប្រកាសជាផ្លូវការពីឯករាជ្យភាពរបស់ខ្លួនដែរ។
ប្រែសម្រួល៖ណាវ័ន្ត